ព័ត៌មានជាតិ

ខឹងតេណាត់ប្រពន្ធ មិនព្រមមកជួប ប្ដីយកទឹកអាស៊ីតជះ បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

កំពតៈ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកងកម្លាំង សមត្ថកិច្ចអធិការដ្ឋាននគរបាល ស្រុកអង្គរជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ខ្លួន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចនៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា (ជះទឹកអាស៊ីត)។

ប្រព្រឹត្តិនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៧យប់ ត្រង់ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ ០៣ នាក់៖ ១.ឈ្មោះ រ៉ា ស្រីនិច្ច ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្រាល) ជាប្រពន្ធ ទី២.ឈ្មោះ ម៉ៃ ស្រីឡា ភេទស្រី អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្រាល) និងទី៣.ឈ្មោះ ណាន ឈាវ ភេទប្រុស អាយុ០១ ឆ្នាំ៦ខែ ជនជាតិខ្មែរ នៅ
ក្នុងបន្ទុក (ជាកូន) របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។

ចំណែកជនសង្ស័យឈ្មោះ អ៊ុក កុម្ភៈ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត (ត្រូវជាប្តី) ។

សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកឈ្មោះ អ៊ុក កុម្ភៈ តែងតែប្រើប្រាស់អំពើហិង្សា វាយទៅលើប្រពន្ធឈ្មោះ រ៉ា ស្រីនិច្ច ជាញឹកញាប់ពេលទៅធ្វើការងារ និងស្នាក់នៅឯភ្នំពេញ ដោយទ្រាំលែងបានប្រពន្ធ បានត្រឡប់មករស់នៅផ្ទះខ្លួនវិញ នៅឯភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្រោយមកឈ្មោះ អ៊ុក កុម្ភៈ តែងតែមករករឿង និងធ្លាប់និយាយគំរាមប្រពន្ធថា នឹងជះទឹកអាស៊ីត ដាក់នៅថ្ងៃណាមួយ ។ លុះមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឈ្មោះ អ៊ុក កុម្ភៈ បានទូរស័ព្ទមកប្រពន្ធ ជាច្រើនដងឲ្យទៅជួបនៅតំបន់7NG ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ប៉ុន្តែប្រពន្ធ មិនព្រមទៅជួប ហើយឈ្មោះអ៊ុក កុម្ភៈ បាននិយាយថា៖ បើមិនទៅជួបប្រាកដជាមានរឿង ដល់ម៉ោង ៧យប់ថ្ងៃដដែល ឈ្មោះ រ៉ា ស្រីនិច្ច ឈ្មោះ ម៉ៃ ស្រីឡា និង ឈ្មោះ ណាន ឈាវ បានដើរទៅទិញម្ហូប នៅខាងកើតផ្ទះ ដោយឈ្មោះម៉ៃ ស្រីឡា ជាអ្នកពរ ឈ្មោះ ណាន ឈាវ ពេលទិញរួចក៏ដើរត្រឡប់មកផ្ទះវិញ ពេលកំពុងដើរត្រឡប់មកផ្ទះវិញនោះ ឈ្មោះ អ៊ុក កុម្ភៈ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៤ មិនចាំស្លាកលេខ ពាក់អាវពណ៌ទឹកប៊ិច ជិះពីលិចទៅកើត មកដល់ក៏បានយកទឹកអាស៊ីត ជះទៅលើអ្នកទាំង៣ បណ្តាលឲ្យត្រូវមុខឈ្មោះ ណាន ឈាវ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ឯឈ្មោះ រ៉ា ស្រីនិច្ច និងឈ្មោះ ម៉ៃ ស្រីឡា រងរបួសស្រាល ភ្លាមនោះឈ្មោះ អ៊ុក កុម្ភៈ បានជិះម៉ូតូរត់គេចខ្លួនបាត់។

លុះដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាល ស្រុកអង្គរជ័យខេត្ដកំពត បានសហការឃាត់ខ្លួនបាន ឈ្មោះ អ៊ុក កុម្ភៈ ប្រគល់ឲ្យសមត្ថកិច្ចខេត្ដកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់