ព័ត៌មានជាតិ

យន្ដហោះដឹកកងទ័ពអាមេរិក ធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញ ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី

(វ៉ាសូវី)៖ យន្ដហោះដឹកកងទ័ពមួយគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញហើយ កាលពីថ្ងៃអាទិត្យ
ចុងសប្ដាហ៍កន្លងទៅនេះ ស្របពេលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនវត្តមានយោធានៅតាមបណ្ដាប្រទេសសម្ពន្ធមិត្តអឺរ៉ុបខាងកើត នៅចំពោះមុខការបង្កើនសកម្មភាព យោធារបស់រុស្ស៊ី នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។

មន្ទីរបញ្ចេកោណនៃក្រសួងការពារជាតិអាមេរិក ធ្លាប់បានឱ្យដឹងថាកងទ័ពអាមេរិក ១,៧០០នាក់ ក្នុងនោះភាគច្រើនមកពីកងពលទ័ពអាកាសទី៨២ នឹងត្រូវ
ដាក់ពង្រាយពីមូលដ្ឋាន Fort Bragg នៃរដ្ឋ North Carolina ទៅកាន់ប្រទេសប៉ូឡូញ។ ប៉ុន្តែកន្លងមក ទាំងអាមេរិក និង NATO ក៏ធ្លាប់បានអះអាងដែរថាពួកគេនឹងមិន បញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដើម្បីជួយប្រយុទ្ធ នៅក្នុងករណីមានការឈ្លានពានណាមួយពីរុស្ស៊ីនោះឡើយ។

ព័ត៌មានស្ដីពីការបញ្ជូនកងទ័ពអាមេរិកខាងលើ កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃពុធសប្ដាហ៍មុនបានបញ្ជាឱ្យបញ្ជូនកងទ័ពអាមេរិកជិត ៣,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ និងរូម៉ានី៕

ប្រភព៖​​​​​​ Reuters

មតិយោបល់