ភ្នំពេញៈ នារីរូបស្រស់ម្នាក់ រួមដំណើរជាមួយក្នេងស្រីម្នាក់ទៀត បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌា បត់ឆ្លងផ្លូវពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅខាងមុខស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តោយផ្លូវហាណូយកែង និងផ្លូវ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HH-6510 និងមាននារីម្នាក់ទៀត ដែលជាភ្ញៀវរួចដំណើរពីក្រោយ ដោយដឹកភ្ញៀវចេញពីផ្សារសែនសុខ បំណងទៅផ្សារទំនើបអ៊ីអនទី២ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវហាណូយ។
លុះមកដល់ចំណុចកើតហេតុ ម៉ូតូកង់បីឥណ្ឌាខាងលើ ក៏ស៊ីញូឆ្វេងបម្រុងបត់ទៅផ្លូវ៩២ ឆ្ពោះទៅផ្សារទំនើបអ៊ីអនទី២ ខណៈដែលបត់បានបន្តិច ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2V-4955 បើកបរដោយនារីរូបស្រស់ម្នាក់ និងក្មេងស្រីម្នាក់ទៀតរួមដំណើរជាមួយ ពីក្រោយស្របទិសដៅគ្នា ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាចំពីក្រោយ ផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់ឥណ្ឌា ខ្ទាតទៅចិញ្ចើមផ្លូវ ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបររងរបួសស្រាល់ រីឯនារីជាភ្ញៀវដែលនៅលើម៉ូតូកង់បី បានរងរបួសរយះជើងខាងស្តាំ។
ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបន្ថែមល្បឿន បើករត់គេចខ្លួនទៅមុខទៀត តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ កំពុងល្បាតបានឃើញហេតុការណ៍នេះ បានជិះដេញតាមពីក្រោយរថយន្តបង្ក រហូតទៅដល់ជិតផ្សារបៃតងផ្លូវសម្តេចជាស៊ីម ទើបអាចធ្វើការស្ទាក់ឃាត់រថយន្តបង្ក បានយកមកកន្លែងកើតវិញ។
ក្រោយកើតហេតុនារីជាភ្ញៀវ ដែលរងរបួស ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកសម្ភពរស្មី ធ្វើការដឹកយកទៅសង្គ្រោះភ្លាមៗ ដោយឡែករថយន្ត និងម៉ូតូកង់បីឥណ្ឌា ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់៕
មតិយោបល់