ភ្នំពេញៈ កម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ បានជិះដេញស្ទាក់ចាប់ខ្លួនយុវជន៤នាក់ ដោយមានការសង្ស័យ ខណៈដែលពួកគេ មិនព្រមឲ្យឆែក ទើបបង្កជាហិង្សាវាយតប់គ្នាមួយប្រាវ រហូតសមត្ថកិច្ចឈានដល់ការផ្ទុះអាវុធចំនួន៥គ្រាប់ ដើម្បីការពាខ្លួន
កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរបន្ទាយ៩៩ តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿង ម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតម៉ាកហុងដាប៊ីត ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញ និងកាក់ឲ្យឈប់នៅត្រង់ចំណុចកើតហេតុ ដើម្បីឆែកឆែរ ក៏ប៉ុន្តែយុវជនខាងលើ មិនព្រមឲ្យសមត្ថកិច្ច ធ្វើការឆែកឆែនោះទេ ថែមទាំងឈ្លោះគ្នា ជាមួយសមត្ថកិច្ចយ៉ាងខ្លាំង និងបង្កជាហិង្សាវាយតប់គ្នា ជាមួយសមត្ថកិច្ចទៀត បណ្ដាលឲ្យយុវជនម្នាក់របួសបែកក្បាល និងសមត្ថកិច្ចរងរបួសត្រង់ក្ដោងច្រមុះ ។
ករណីខាងលើ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ដែលនៅក្បែរនោះ បានជួយហាមឃាត់ដែរ ព្រមទាំងសមត្ថកិច្ចជាច្រើននាក់ បានចុះមកជួយអន្តរាគមន៍ តែយុវជនទាំង៤នាក់ នៅតែរឹងទទឹង ឈ្លោះជាមួយសមត្ថកិច្ចបន្ថែមទៀត ទើបធ្វើឲ្យសមត្ថកិច្ចផ្ទុះអាវុធចំនួន៥គ្រាប់ ដើម្បីបំបែកក្រុមយុវជនខាងលើ ហើយឃាត់ខ្លួនបានមនុស្ស៤នាក់ ដឹកយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាប១ ដើម្បីធ្វើការសាកសួរបន្ត៕
មតិយោបល់