ព័ត៌មានជាតិ

បែនដឹកខ្សាច់ បុករះរថយន្តម៉ូតូ និងបង្គោលភ្លើង របួសមនុស្ស ៤នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបែនដឹកខ្សាច់ បុករះរថយន្ត ម៉ូតូរ៉ឺម៉កជាបន្តបន្ទាប់ រួចបន្តបុកបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងរបួសធ្ងន់ស្រាល៤នាក់ ត្រង់ចំណុចស្តុបផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

រថយន្តបែនដឹកដីខ្សាច់ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ក8399ភព3 បើកបរដោយឈ្មោះ ឯក វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិចម្ការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុករះរថយន្តកូរ៉ូឡារបស់ក្រុមថៃហ្គឺ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AF-7784 បើកបរដោយឈ្មោះ ហ៊ាង សុខល័ក្ខ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន Tiger មានទីលំនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បណ្តាលឲ្យខូចខាតបែកកញ្ចក់ខាងស្តាំ រួចបន្តបុករះម៉ូតូរ៉ឺម៉ក ម៉ូតូលក់ទឹកអំពៅ បណ្តាលឲ្យស្ត្រីមានផ្ទៃពោះ៦ខែម្នាក់ ឈ្មោះ សូត្រ ស៊ីនឿន អាយុ៣២ឆ្នាំ មុខរបរលក់ទឹកអំពៅ រងរបួសធ្ងន់។

ដោយរថយន្តមិនទាន់អស់ល្បឿន បានទៅបុកម៉ូតូសេ១២៥ ស៊េរី២០១៩ ជិះគ្នា៣នាក់ប្តីប្រពន្ធនិងកូនតូចម្នាក់ បណ្តាលឲ្យរងរបួស រួចបន្តទៅបុកបង្គោលរបា និងបង្គោលភ្លើងបាក់ ខណ:រថយន្តបង្ក បានក្រឡាប់ផ្ងារជើង ភ្លាមៗនោះ តៃកុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាង និងអ្នកបើកបរ ត្រូវបានសមត្ថកិច្ច ចុះវាស់វែង នាំយកទៅការិយាល័យចរាចរណ៍ ជើងគោកក្រុង ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់