ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ មានរថយន្តទំនើបចង្កូតស្តាំ មួយគ្រឿង ម៉ាកALPHARD ពាក់ស្លាកលេខបន្លំ (ខេមរភូមិន្ទ02- 2.9879) ត្រូវបានមន្ត្រីគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ព្រមទាំងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ ឃាត់ចាប់ នៅតាមផ្លូវក្នុងទីប្រជុំជនក្រុងព្រះសីហនុ។
រថយន្តខាងលើ ត្រូវបាននាំយកមករក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្ត ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ ចាប់ពីចុងឆ្នាំ២០១៨ រហូតមកត្រឹមដើមខែឧសភាចុងឆ្នាំ២០១៩នេះ មានរថយន្តថ្មី ទំនើបទាំងចង្កូតឆ្វេងនិងចង្កូតស្តាំជិត ៥០គ្រឿងហើយជារថយន្តគេចពន្ធ និងនាំចូលខុសច្បាប់។
ដោយតាមមន្ត្រីគយ បានអះអាងថា រថយន្តចង្កូតឆ្វេង គឺតម្រូវអោយម្ចាស់បង់ប្រាក់ពិន័យផង និងបង់ពន្ធតាមច្បាប់ផង មុននឹងឲ្យនាំយកត្រឡប់ទៅវិញ ចំណែករថយន្តចង្កូតស្តាំ គឺត្រូវរឹបអូសយកជាសម្បត្តិរដ្ឋ មិនមានការផាកពិនយ័ ឬឲ្យម្ចាស់បង់ពន្ធ នាំយកត្រឡប់ទៅវិញជាដាច់ខាត៕
មតិយោបល់