ភ្នំពេញៈ កម្មករបើកបររថយន្តដឹកគ្រឿងសំណង់ម្នាក់ ក្រោយពីផឹកស្រា ជាមួយមិត្តភ័ក្ដិ ស្រវឹងស្រា បានលួចឡើងលើផ្ទះគេ ដែលកំពុងសាងសង់ គ្មានមនុស្សចាំនៅ ត្រូវម្ចាស់ចាក់សោទុកចោល មិនដឹងថា មានចេតនាអ្វីទេ បែរជួបគ្រោះអកុសល រអិលជើង តាមថាសចាក់ជណ្តើរ ធ្លាក់បាក់.កស្លាប់ភាមៗតែម្ដង
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅសំណង់ផ្ទះថ្មី សង់មិនទាន់ហើយ ម្ចាស់ចាក់សោទុកចោល នៅក្រោយវត្តតាំងកសាងខាងជើង ភូមិព្រៃសាលា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ ។
តាមសមត្ថកិច្ចចុះទៅពិនិត្យ នៅកន្លែងក្រោយកើតហេតុ បានឲ្យដឹងថា សាកសពឈ្មោះ អ៊ុ វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករបើករថយន្តដឹក គ្រឿងសំណង់ ស្នាក់នៅទល់មុខកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី១២ ខែឧសភា ជនរងគ្រោះខាងលើ ផឹកស៊ីជាមួយមិត្តភ័ក្ដិរួមការងារ រហូតដល់វេលាម៉ោង១០យប់ ថ្ងៃដដែល បានស្រវឹងទៅហើយ រៀបនឹងចូលដេកទៅហើយ ជនរងគ្រោះ បានដើរទៅឡើងផ្ទះខាងលើ ដែលសាងសង់មិនទាន់រួច ហើយម្ចាស់ចាក់សោទុកចោល គ្មានអ្នកនៅចាំ តែមិនដឹងថា ជនរងគ្រោះឡើងទៅនោះ ក្នុងគោលបំណងអ្វីដែរ មិត្តភ័ក្ដិហៅឲ្យចុះវិញ ចូលដេក ក៏មិនឆ្លើយតប ចាំយូរពេក មិត្តភ័ក្ដិអ្នកផឹក ជាមួយក៏ចូលដេកមុនបាត់ រហូតដល់វេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ភ្ញាក់ទ្បើងមិនឃើញជនរងគ្រោះ ចូលដេក ស្រែកហៅជនរងគ្រោះ មិនឮឆ្លើយ សង្ស័យស្រវឹងដេកលក់លើផ្ទះគេ មិនអស់ចិត្ត ដើរទៅឡើងតាមរកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ស្លាប់ក្នុងសភាពអង្គុយ ទើបចុះរត់ទៅប្តឹងសមត្ថកិច្ចតែម្តង ។
សាកសពក្រោយពីពិនិត្យកោសល្យវិច័យ ឃើញថា រអិលជើងតាមថាស ចាក់កាំជណ្តើរ បាក់.កស្លាប់ រួច ប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់