ភ្នំពេញៈ បុរសជាមន្ត្រីយោធាចូលនិវត្តន៍វ័យ៥៦ឆ្នាំម្នាក់ បានធ្លាយពោះស្លាប់ភ្លាមៗ នៅនិងកន្លែង បន្ទាប់ពីត្រូវរថយន្តមួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់០១៩ពេញទំហឹង បណ្តាលឲ្យខ្ទាតជិត១០ម៉ែត្រ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះឈ្មោះសុខ ប៊ុនធឿន ហៅបឿ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីយោធាចូលនិវត្តន៍ មានស្រុកកំណើត ភូមិថ្នល់បន្ទាយ សង្កាត់ពុនសាំង ខណ្ឌព្រែកភ្នៅ។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ATOZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1435 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវលេខ៥១ មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង ម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ភ្នំពេញ 1HK-2998 បើកបរដោយបុរសជនរងគ្រោះ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យជនរងគ្រោះខ្ទាត ជិត១០ម៉ែត្រ ស្លាប់នៅនិងកន្លែង។
ភ្លាមៗនោះ រថយន្តបង្កបម្រុងបើករត់គេចខ្លួន តែដោយសារថយន្តរងការខូចខាត ខ្ទេចផ្នែកមុខយ៉ាងដំណំ ទៅមុខលេងរួច ទើបម្ចាស់ររថយន្ត ឃើញសភាពមិនស្រួល ក៏រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តនៅនិងកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងខាងលើ បានទំនាក់ទំងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើកា ដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់