ព័ត៌មានជាតិ

លុចស៊ីស NX200t ស្លាកលេខ ភ្នំពេញ 2BD-4445 បុករ៉ឺម៉កអេតចាយ កំពុងឆ្លងផ្លូវ ខ្ទាតបុរសម្នាក់ជិត ៣០ម៉ែត្រ រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុករ៉ឺម៉កអេតចាយ កំពុងឆ្លងផ្លូវពេញទំហឹង ប៉ើងប្រមាណជាង៣០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវហាន់ណូយ ត្រង់ចំណុចមុខវត្តឃ្មួញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាកលុចស៊ីស NX 200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-4445 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករ៉ឺម៉កអេតចាយ បើកដោយបុរសម្នាក់ កំពុងឆ្លងផ្លូវពីលិចទៅកើតចំពីក្រោយពេញទំហឹង បណ្ដាលឲ្យប៉ើងជនរងគ្រោះប្រមាណជិត ៣០ម៉ែត្ររងរបួសធ្ងន់ ចំណែករ៉ឺម៉កអេតចាយ និងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញមកវាស់វែង រួចស្ទូចរថយន្តបង្ក និងរ៉ឺម៉ករងគ្រោះ ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់