ភ្នំពេញៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញដីការអោយឃុំខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន។
សមត្ថកិច្ចបានអោយដឹងថា ជនត្រូវចោទឈ្មោះ ឈីវ ឆាងអ៊ី ហៅ ឆាងអ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ចល័ត មានស្រុកកំណើត ភូមិជីងពូក ស្រុកថៃសាន ក្រុងតាអាន់ ខេត្តជីលីង។ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣B-១៥B ផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ជនត្រូវចោទ និងក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ (អនីតិជន) បានស្គាល់គ្នា និងបានទាក់ទងគ្នាជាញឹកញាប់តាមប្រព័ន្ធទំនាក់ទំនងសង្គមវីឆាត (Wechat)។
ក្រោយមកជនត្រូវចោទ បានឆាតអោយក្មេងស្រីរងគ្រោះទៅជួបនៅផ្ទះសំណាក់ឈ្មោះ ឡាន់ ធាន ស្ថិតនៅផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ និងបានលួងលោមរួមភេទបានចំនួន២ដង ដោយមានថតរូបទុកទៀតផង និងបានសន្យាថានឹងទិញចិញ្ជៀនអោយ ហើយនឹងចូលស្តីដណ្តឹងរៀបការ និងនាំទៅរស់នៅប្រទេសចិនទៀតផង។
បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចនាំយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស៕
មតិយោបល់