ព័ត៌មានជាតិ

ទំនិញខូចគុណភាព ត្រូវមន្រ្តីសាខាកាំកុងត្រូលរកឃើញនៅតាមផ្ទះលក់ទំនិញក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ចំនួន ៣ កន្លែង និងតាមផ្ទះលក់ទំនិញមួយចំនួនស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ក្នុងសកម្មភាពនេះមន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖ ទឹកក្រូចដប ប្រេងឆាដប ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ នំកញ្ចក់ និងកម្ទេចមី។ បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលនៅពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀតឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

 

មតិយោបល់