ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល ៣នាក់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: នៅវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨២-១៨៣ ស្ថិតនៅក្នុងភូមិសំរ៉ុងកណ្តាល ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ម៉ូតូបង្កម៉ាក WINER ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វឿន វីន ភេទប្រុស អាយុ ២២ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរពីព្រះសីហនុទៅភ្នំពេញ លុះដល់ចំណុចខាងលើបានបុកម៉ូតូ ០១គ្រឿងម៉ាក Nex ពណ៌ប្រាក់ ពាក់ស្លាកលេខ តាកែវ1R-3579។

ជនរងគ្រោះឈ្មោះ បែន កុយ ភេទប្រុស អាយុ ២៧ឆ្នាំ (របួសធ្ងន់) រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមដំណើរចំនួន ០២នាក់ ទី១-ឈ្មោះ ង៉ែត ភេទប្រុស អាយុ ១៨ឆ្នាំ (របួសស្រាល) មុខរបរ ជាងឡាន ទី២- ឈ្មោះ លីហ្សា ភេទស្រី អាយុ ១៦ឆ្នាំ (របួសស្រាល) មុខរបរ សិស្ស មានទីលំនៅភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសមនុស្សចំនួន ០៣នាក់ ស្រីម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរទេព្យ រីឯសព ត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់