ព័ត៌មានជាតិ

ជើងហោះហើរត្រង់ពីខេត្តហៃណាន ប្រទេសចិន មកភ្នំពេញ និងសៀមរាប ចាប់ផ្ដើមក្នុងខែនេះ

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក លូ បៅម៉ីង លេខាបក្សខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៣ ខែកក្កដានេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ឲ្យដឹងថា ក្នុងជំនួបនោះ លោក លូ បានជម្រាបសម្តេចតេជោថា កន្លងមកខេត្តហៃណាន និងខេត្តកំពង់ចាម មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ លោកបន្តថា ខេត្តហៃណាន បានធ្វើការបណ្តុះបណ្តាលព្រះសង្ឃកម្ពុជា ប្រមាណ៤០០អង្គ រួចមកហើយ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ជាពិសេសជាមួយខេត្តកំពង់ចាម ដោយបានចុះអនុស្សារណៈលើវិស័យទាំងអស់ ពិសេសវិស័យកសិកម្ម។

លោក លូ បៅម៉ីង បានជម្រាបសម្តេចតេជោផងដែរថា នៅក្នុងខែនេះ នឹងមានការហោះហើរត្រង់ពីទីក្រុងហៃកៅ នៃខេត្តហៃណាន មកកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

លោក លូ បានស្នើសម្តេចតេជោ ដើម្បីនាំក្រុមគ្រូពេទ្យឯកទេសភ្នែក មកព្យាបាលប្រជាជនកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសខេត្តហៃណាន ដែលបានជួយបណ្តុះបណ្តាលព្រះសង្ឃកម្ពុជា ក៏ដូចជាការចុះអនុស្សារណនៃការយោគយល់គ្នាក្នុងការជួយដល់ខេត្តកំពង់ចាម។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណខេត្តហៃណាន ដែលមានបំណងនាំគ្រូពេទ្យឯកទេសភ្នែក ដើម្បីមកព្យាបាលប្រជាជនកម្ពុជា ហើយសម្តេចបានសម្តែងនូវការស្វាគន៍ចំពោះបំណងនេះ ដោយសម្តេចលើកឡើងថា ការចុះមកជួយព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា កាន់តែលឿន កាន់ល្អ ព្រោះកម្ពុជា ក៏មានអ្នកជំងឺភ្នែកច្រើនដែរ។

ពាក់ព័ន្ធនឹងការហោះហើរត្រង់មកកាន់ភ្នំពេញ និងសៀមរាប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ ដោយចាត់ទុកថា នេះគឺជាកក្តាសំខាន់ក្នុងការតភ្ជាប់រវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន៕

មតិយោបល់