បាត់ដំបងៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលោម៉ោង ១១និង០០នាទីយប់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ប្រើប្រាស់កាំបិត និងពួនស្ទាក់ធ្វើសកម្មភាព ប្លន់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ យ៉ម ឈួង ហៅស្រប ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅក្នុងក្រុមទី១៤ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានមុខ របរ(លក់ប៉ឺតប៉ោងខ្យល់) ត្រូវបានជនស័ង្សយប្រើប្រាស់កាំបិតកាប់ទៅលើដងខ្លួន និងដៃ បណ្តាលឲ្យរងរបួសធ្ងន់។
ជនសង្ស័យមានឈ្មោះ លួន ថា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
បន្ទាប់ពីទទួលបាននូវព័ត៌មាននេះភ្លាមលោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងសហការជាមួយនគរបាលស្រុកបាណន់ ដែលមានលោក ប៉ាន់ វណ្ណនី ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានកំណត់មុខសញ្ញាជនដៃដល់នោះបាន ហើយឆ្លងតាមវិធានការជំនាញរបស់នគរបាល ព្រមទាំងបានការយល់ព្រមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ ទើបនៅយប់ថ្ងៃទី២៣ ក្រុមកម្លាំងនគរបាល ឃាត់ខ្លួនជនស័ង្សយនោះបាន បន្ទាប់ពីរូបគេរត់គេចខ្លួនទៅសំងំ នៅលើភ្នំក្នុងភូមិសាស្រ្ត ស្រុកបាណន់ ខេត្តបាត់ដំបងបានពីរថ្ងៃរួចមក។
ក្រោយឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ចនគរបាលជនស័ង្សយ រូបនេះបានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ ដែលប្រើប្រាស់កាំបិតពួនស្ទាក់ធ្វើសកម្មភាពកាប់លើជនរងគ្រោះខាងលើក្នុងបំណង (ប្លន់) យក ទ្រព្យសម្បត្តិ ប៉ុន្តែការធ្វើសកម្មភាពរបស់ខ្លួន ពុំយកបានទ្រព្យសម្បត្តិអ្វីពីជនរងគ្រោះឡើយ ជនស័ង្សយរួមជាមួយវត្ថុតាង ត្រូវនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់