ព័ត៌មានជាតិ

ទូរថភ្លើងក្រឡាប់ទាំងព្រឹក បន្ទាប់ពីកំពុងធ្វើដំណើរ ស្រាប់តែស្រុតផ្លូវដែក សំណាងមិនបណ្តាលឲ្យមានមនុស្សរងរបួស

ភ្នំពេញ: រថភ្លើងមួយខ្សែសណ្តោងទូដឹកស៊ីទែនប្រេង និងកុងតឺន័រផ្ទុកទំនិញសរុបជាច្រើនទូ ខណ:ពេលកំពុងបើកបរសុខៗ ស្រាប់តែស្រុតផ្លូវ បណ្ដាលឲ្យកង់រត់ខុសផ្លូវក្រឡាប់ធ្លាក់ទូ១ ដែលមានដឹកប្រេងចំនួន ២ស៊ីទែន និងទូ១ទៀតដឹកប្រេង ២ស៊ីទែនដែរនោះបានធ្លាក់ផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវដែក ត្រង់ចំណុចភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថភ្លើងខាងលើដឹកសណ្ដោងទូដឹកប្រេង និងទូកុងតឺន័រដឹកទំនិញជាច្រើនទូ ក្នុងនោះមានស៊ីទែនប្រេងសាំង ទូកុងតឺន័រ និងទូបម្រុង។ នៅមុនពេលកើតហេតុរថភ្លើងមួយខ្សែនេះ បានដឹកប្រេងសាំងនិងទំនិញ ធ្វើដំណើរចេញពីខេត្តព្រះសីហនុចូលមករាជធានីភ្នំពេញ ហើយបើកចេញពីផ្លូវដែកខ្សែភ្នំពេញ-កំពត ក្នុងទិសដៅពីត្បូងទៅជើងឆ្ពោះទៅខ្សែភ្នំពេញ-បាត់ដំបង ក្នុងបំណងយកប្រេងទៅស្តុកទុកនៅឃ្លាំង។

ប្រភពដដែលបានបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែស្រុតកំណល់ផ្លូវដែក បណ្ដាលឲ្យកង់រត់ខុសផ្លូវក្រឡាប់ធ្លាក់ទូ១ ដែលមានដឹកប្រេងចំនួន ២ស៊ីទែន និងទូ១ទៀតដេកប្រេង ២ស៊ីទែនដែរនោះ បានធ្លាក់ផ្លូវ ប៉ុន្តែពុំបណ្ដាលឲ្យធ្លាយប្រេង ឬមានអ្នករងគ្រោះឡើយ ក្រោយពេលកើតហេតុខាងក្រុមហ៊ុនរថភ្លើង និងក្រុមហ៊ុនប្រេងព្រមទាំងទំនិញ បានចុះទៅពិនិត្យជាក់ស្ដែងរួច ធ្វើការជួសជុលផ្លូវដែកព្រមទាំងស្ទូចលើទូឡើងវិញ ៕

មតិយោបល់