ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរ! រថយន្តពីរគ្រឿងពន្លះគូទគ្នា ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍

ភ្នំពេញ: បុរស២នាក់ស្រវឹងធ្លាក់ភ្នែក បានបើករថយន្តស៊េរីទំនើប ម៉ាកលុចស៊ីស RX400hមួយគ្រឿងយ៉ាងលឿន ជ្រុលទៅបុកគូទរថយន្តព្រូសមួយគ្រឿងទៀត ដែលកំពុងឈប់រង់ចាំស្តុប កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបក្បែរវិទ្យាល័យជាស៊ីមសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-0413 ដែលបើកបរដោយបុរសនារីបីបួននាក់ តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត។

មកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានឈប់ស្តុបរង់ចាំភ្លើងបៃតង ខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីសRX400h ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសពីរនាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ ជាមួយល្បឿនលឿនមកពីក្រោយ មិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តព្រូសខាងលើចំពីក្រោយចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតក្រពឹតកាងខាងក្រោយ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹតកាងផ្នែកខាងមុខ។

ភ្លាមៗនោះរថយន្តបង្ក មិនបានឈប់ចុះមកដោះស្រាយគ្នាទេ បែរជាព្យាយាមបើករត់ តែត្រូវរថយន្តព្រូសបើកដេញតាមពីក្រោយ រហូតទៅដល់ខាងមុខបឋមសិក្សាសន្ធរម៉ុក តាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ រថយន្តបង្កបានបន្ថយល្បឿន ហើយក៏ត្រូវបានរថយន្តព្រូស បើកដេញតាមជាន់ហ្វ្រាំង មិនជាប់ក៏ជ្រុលទៅបុកគូទរថយន្តបង្កពេញទំហឹងវិញ បណ្តាលឲ្យរថយន្តព្រូសរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ និងរថយន្តបង្ករងការខូចខាតក្រពឹតផ្នែកខាងក្រោយ ទើបព្រមឈប់ចុះមកធ្វើការដោះស្រាយគ្នា។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ តែដោយភាគីទាំង២ពីរ និយាយចរចាដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋាន ធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង រួចស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ពេលក្រោយ៕

មតិយោបល់