ខុសពីរឿងភាគច្រើន ដែលក្រុមផលិតករផ្ដោតលើតួឯកក្មេង តាមរយៈ Trailer ក្នុងរឿង”ធាតុយាយខ្ញុំ” តារាសម្ដែងអ្នកនាង ស្វែង សុជាតា គឺជាតួឯកស្រីទៅវិញ ដោយខាងផលិតករ បានអះអាងថា អ្នកនាងត្រូវបានផលិតករ អោយដើរតួជាមេម៉ាយវ័យជ្រេ ដែលចង់បានទ្រព្យសម្បត្តិម្ដាយ ហើយគ្រាន់តែបានដឹងថា ម្ដាយចែកទ្រព្យអោយខ្លួនមិនស្មើបងប្អូន ក៏ប្រើចរឹតរមិលគុណ យកម្ដាយទៅទុកចោលពេលឈឺ បណ្ដាលអោយម្ដាយស្លាប់បិទភ្នែកមិនជិត ហើយក្លាយជាខ្មោចកាចសាហាវ លងបន្លាចចៅៗ និងចងពារកូនចៅពេញក្នុងផ្ទះ។
នេះអាចចាត់ទុកជាភាពយន្តទី១ ដែលអ្នកនាង ស្វែង សុជាតា ត្រូវបានផលិតករអោយសម្ដែងតួឯក ចាប់តាំងពីអ្នកនាង បានត្រឹមតែតំណែងតួម្ដាយនៅក្នុងភាពយន្ត។
លោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ ដែលជាផលិតករ បានអះអាងថា តារាវ័យជ្រេមិនមែនសុទ្ធតែមិនអាចជ្រើសអោយដើរតួឯកនោះទេ សំខាន់អោយតែសាច់រឿងទាំងមូល ធ្វើរឿងអោយផ្ដោតនឹងវ័យ របស់តារារូបនោះប៉ុណ្ណោះ។ ជាក់ស្ដែង ក្នុងរឿង”ធាតុយាយខ្ញុំ” ដែលលោកប្រកាសដាក់បញ្ចាំងលក់សំបុត្រផ្លូវការនៅថ្ងៃទី៣០ ចុងខែ ឧសភា នេះ លោកថា បានតម្រូវសាច់រឿងដៅទៅលើអ្នកនាង ស្វែង សុជាតា តែម្ដង។ លោកថា អ្នកស្រីត្រូវបានជ្រើសអោយដើរតួឯក ខណៈដែលនាយគ្រឿន ក៏ជាតួឯកមួយរូបដែរ តែផ្នែករំលេចឈុតឆាកកំប្លុកកំប្លែង។
លោកថាភាពយន្តទាំងមូល នឹងមានរសជាតិទាក់ភ្នែក ដោយសារតែ អ្នកនាង ស្វែង សុជាតា ក៏ពូកែសម្ដែង ហើយនាយគ្រឿន ក៏ពូកែកំប្លុកកំប្លែងធានាថា ក្រៅពីមានឈុតឆាកភ័យរន្ធព្រឺព្រួចឆ្អឹងខ្នង ឈុតឆាកកម្សត់ និងខ្លឹមសារអប់រំ ឈុតឆាកកំប្លែងស្ងួតរបស់នាយគ្រឿន ក៏ពិតជាធ្វើអោយភាពយន្តទាំងមូល ផ្ទុះការគាំទ្រមិនអន់ដែរ។ លោករំពឹងយ៉ាងខ្លាំងថា ភាពយន្ត”ធាតុយាយខ្ញុំ ” ដែលនឹងចាប់ផ្ដើមលក់សំបុត្រនៅថ្ងៃទី៣០ ឧសភា នឹងក្លាយជារសជាតិថ្មី សម្រាប់ភាពយន្តខ្មែរ ជាពិសេសគឺសាច់រឿងពាក់ព័ន្ធនឹងភាពរមិលគុណរបស់កូន ព្រោះតែរឿងទ្រព្យនោះ។
លោក ស៊ុម ភារិន បន្តថា សម្អាងលើចំណុចសំខាន់៤ គឺ កំប្លែង ភ័យរន្ធត់ កម្សត់ និងអប់រំពីភាពអកត្តញូរបស់កូនចំពោះអ្នកមានគុណ ហើយដោយយោងលើទេពកោសល្យសម្ដែងដ៏ល្អ របស់ អ្នកនាង ស្វែង សុជាតា នាយគ្រឿន និងតួអង្គផ្សេងទៀត បូករួមទាំងក្មេងៗផង លោកជឿយ៉ាងខ្លាំង ថារឿង”ធាតុយាយខ្ញុំ” នឹងជោគជ័យនៅក្នុងរោងកុន ស្របគ្នាដែលផ្នែកបច្ចេកទេស និង ស្ដង់ដារក្នុងការផលិតមួយរឿងនេះ ក៍ត្រូវបានសម្រាំងជាងមុន ដើម្បីប្រកួតប្រជែង៕
មតិយោបល់