ប៉ៃលិនៈ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៩ បន្ទាប់ពីមានការចុះពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវកំណត់មុខសញ្ញា ករណីលួច (គាស់ដំបូលតូបលួចទូរស័ព្ទដៃ) របស់ឈ្មោះ សុទ្ធ វ៉ាន់សៀម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មន្រ្តីរាជការជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្ន ភូមិផ្សារប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីវេលាម៉ោង ០៧ និង ១០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។
សម្ភារៈបាត់បង់រួមមាន៖
១-ទូរស័ព្ទដៃម៉ាក OPPO11 Pro ចំនួន ០៣ គ្រឿង
២-ទូរស័ព្ទដៃម៉ាក OPPO F11 ចំនួន០២គ្រឿង
៣-ទូរស័ព្ទដៃម៉ាក OPPO A3s ចំនួន ០២គ្រឿង
៤.ទូរស័ព្ទដៃម៉ាក HUAWEI P30 ចំនួន ០១គ្រឿង
សរុបជាទឹកប្រាក់ចំនួន៖ ២,២៤៤$ (ពីរពាន់ពីរយសែសិបបួនដុល្លារសហរដ្ឋអាមេរិចគត់)។
ករណីខាងលើនេះ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន និងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការស្រាវស៊ើបអង្គេត ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
បន្ទាប់ពីទទួលបានសំណុំរឿង កម្លាំងជំនាញបានទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាព កំណត់មុខសញ្ញារួចរាល់។ លុះវេលាម៉ោង ១៩ និង ០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ តាមរយៈការប្រើប្រាស់វិធានការជំនាញ បាននាំខ្លួនជនសង្ស័យឈ្មោះ ចាន់ វណ្ណៈ ឈ្មោះហៅក្រៅថា (អាប្លោក) ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា រូបគេពិតជា បានចូលតាមដំបូលតូប លួចទូរស័ព្ទដៃរបស់ឈ្មោះ សុទ្ធ វ៉ាន់សៀម សរុបចំនួន ០៨គ្រឿង ពិតប្រាកដមែន និងបាននាំខ្លួនទៅយកវត្ថុតាង ដែលបានលាក់ទុកនៅពីក្រោយតូបនោះតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅការិយាល័នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់