ភ្នំពេញ: បន្ទាប់ពីភ្លៀងធ្លាក់មួយមេពីម្សិលមិញ តាមផ្លូវមួយចំនួនបានស្រកអស់ហើយ ប្លែកតែកំណាត់ផ្លូវ២៦៩ ភូមិ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ ទឹកបានឡើងធំជាងមុនដែលលិចអស់រយៈពេលជាង១សប្តាហ៍ ហើយនៅខាងកើតរបងផ្សារហេងលី ធ្វើឲ្យអ្នកធ្វើដំណើរក្រវីក្បាល និងហួសចិត្តនិយាយថា ផ្លូវបេតុងសោះ លិចមិនស្រកសង្ស័យស្ទះលូ។
អ្នកភូមិបានប្រាប់ថា ទឹកលិចនៅជាប់របងផ្សារហេងលី គឺដោយសារស្ទះលូមិនហូរ និងលូតូចៗតាំងពីយូរមកហើយ និងមានក្លិនស្អុយស្ទើរទ្រាំមិនបាន តែដោយមានភ្លៀងធ្លាក់មួយមេក៏ថមថយក្លិនបន្តិចតែទឹកនៅលើផ្លូវច្រើនឡើង។
ប្រជាពលរដ្ឋសំណូមជួយដោះស្រាយជូនពួកគាត់ដែលរស់នៅប្រចាំថ្ងៃដែលជួបផលលំបាកបញ្ហាសុខភាពជាមួយទឹកលិចនេះផង។
លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានប្រាប់តាមកម្មវិធី (WhatsApp) ថា បានឲ្យក្រុមការងារចុះទៅសិក្សា និងស្នើគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៧៕
មតិយោបល់