ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) អាថ៌កំបាំងក្រោយវាំងននខ្មៅបើកហើយ រឿងមន្ត្រីថ្នាក់ធំម្នាក់ក្រូម៉េឯកសារភូតសម្ដេច ដាក់កូនប្រុសក្នុងក្របខ័ណ្ឌរដ្ឋ

រឿងរ៉ាវមន្ត្រីៗជាច្រើននាក់ ដែលធ្វើការនៅក្នុងក្រសួងមួយបានខ្សឹបប្រាប់មក នាយក្តាមប្រៃ យើងឲ្យដឹងថា មានមន្ត្រីថ្នាក់ធំម្នាក់ធ្វើការនៅក្នុងក្រសួងនោះបានក្រូម៉េឯកសារ ដើម្បីភូតកុហក់ សម្ដេចតេជោដាក់កូនប្រុសរបស់ខ្លួនឲ្យចូលក្នុងក្របខ័ណ្ឌរដ្ឋជាករណីពិសេស ហើយសម្ដេចជឿការភូតកុហកជឿលើឯកសារក្រូម៉េ ក៏ឯកភាពឲ្យកូនមន្ត្រីនោះបានចូលជាក្របខ័ណ្ឌ មន្ត្រីរាជការ ស៊ីវិលដោយស្វ័យប្រវត្តិ ដោយសម្ដេចសង្ឃឹមថា បានមន្ត្រីស្មោះត្រង់ មានសមត្ថភាព មកធ្វើការបម្រើជាតិនោះ ឥឡូវនេះរឿងរ៉ាវបានធ្លាយមកហើយ អ្នកក្រូម៉េឯកសារនោះមានតួនាទីជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងការងារលោក សួង ម៉េងឡុង និងកូនប្រុសលោក ឡុង ឈន់។

ឥឡូវរឿងរ៉ាវខាងលើនេះនាយក្តាមប្រៃយើងនឹងបើកអាថ៌កំបាំងនៅក្រោយវាំងននខ្មៅនេះឲ្យបានដឹងឭដល់ប្រិយមិត្តរបស់នាយក្តាមយើងពិសេសឲ្យបានដឹងដល់សម្តេចតេជោ។ មុននឹងបើកវាំងននខ្មៅនេះ នាយក្តាមប្រៃយើងសូមបញ្ជាក់ផងដែរថា កាលពីលើកមុនមានក្រុមមន្ត្រីនៅក្រសួងនោះ បានខ្សឹបមកនាយក្តាមប្រៃយើងឲ្យដឹងទៀតថា កាលណោះក្រសួងនេះ ខ្វះអ្នកបណ្ដុះបណ្ដាលធ្វើជាគ្រូបង្គោល ដើម្បីបង្រៀនដល់មន្ត្រីរាជការ ហើយមន្ត្រីថ្នាក់ធំម្នាក់នោះ ក៏បានដាក់សំណើទៅសម្ដេច តាមរយ:រដ្ឋមន្ត្រីនៃសាមីក្រសួង ដើម្បីដាក់កូនប្រុសរបស់ខ្លួនឲ្យទៅធ្វើជាគ្រូបង្គោល ព្រោះក្រសួងនេះកំពុងតែខ្វះគ្រូជំនាយ។ អ៊ីចឹងហើយបានជា សម្ដេចស៊ីញ៉េឯកភាពឲ្យកូនមន្ត្រីនោះ ជាប់ក្របខ័ណ្ឌធ្វើជាគ្រូបង្គោលដោយអូតូម៉ាទិច ព្រោះនេះជាករណីពិសេស ដោយមន្ត្រីនានា មិនអាចធ្វើដូចនោះទេ។ ខណ:សម្ដេចស៊ីញ៉េហើយ កូនប្រុសរបស់មន្ត្រីថ្នាក់ធំនោះ មិនបានទៅធ្វើជាគ្រូបង្រៀនគេឯងទេ ព្រោះបុគ្គលម្នាក់នេះ មិនមែននៅក្នុងស្រុកខ្មែរទេ គឺគេនៅបរទេសរហូត។ ដូច្នេះហើយ ទើបធ្វើឲ្យអ្នកគ្រប់គ្រងនៃសាលាមួយនោះ មិនសប្បាយចិត្ត ក៏ធ្វើរបាយការណ៍មកក្រសួងមួយនោះ ដើម្បីឲ្យបញ្ជូនគ្រូបង្គោលទៅបង្រៀនសិស្ស តែត្រូវបានឪពុករបស់គេ ខឹងច្រឡោតតោតតូង រកដកនាយកសាលានោះចេញទៀតផង។ នាពេលនោះដែរ ក្រុមមន្ត្រីក្រសួងនោះបានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថា ក្រោយពីមានការខឹងសម្បារួចមកនោះ បន្ទាប់មកមន្ត្រីថ្នាក់ធំម្នាក់នោះ បានផ្ទេរឈ្មោះកូនប្រុសរបស់ខ្លួនចេញពីគ្រូបង្គោល ឲ្យមកនៅក្រសួងវិញ ឲ្យនៅកៀកខ្លួនរបស់គាត់ ដើម្បីកុំឲ្យអ្នកដទៃដឹងរឿងកូនរបស់គាត់ និងគាត់ច្រើនទៀត។

មន្ត្រីដដែលបានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថា តាមពិតទៅកូនប្រុសរបស់មន្ត្រីថ្នាក់ធំម្នាក់នោះ មិនសូវចេញចូលក្នុងប្រទេសខ្មែរផង គឺយូរៗមកលេងឪពុកម្ដងប៉ុណ្ណោះ ហើយមិនបានមកបម្រើការងារជូនរដ្ឋផង បែរជាមានប្រាក់ខែ មានតួនាទីយ៉ាងល្អទៀត នេះមកពីគេមានឪពុក ចេះភូត ចេះកុហក់ ចេះក្រូម៉េឯកសារ ចេះភូតរហូតទៅដល់មេកំបូល គឺសម្ដេចតេជោ ហ៊ុន សែន ទៀតផងដែរ។ កាលណោះទោះជាយ៉ាងណាក្ដីមន្ត្រីមិនបានខ្សឹបប្រាប់នាយក្តាមប្រៃឲ្យចំឈ្មោះក្រសួង និងឈ្មោះមន្ត្រីថ្នាក់ធំម្នាក់នោះឲ្យនាយក្តាមប្រៃយើងដឹងទេ។

ដូច្នេះនាយក្តាមប្រៃយើង មិនដឹងជាទៅសុំការបកស្រាយបំភ្លឺពីនរណាបានឡើយ តែបើសិនរឿងនោះ នាយក្តាមប្រៃយើងស៊ើបដឹងការពិត មន្ត្រីថ្នាក់ធំម្នាក់នោះ ច្បាស់ជាអស់បុណ្យអស់ស័ក្តិ នឹងអាចជាប់ច្រវាក់ ជាក់ជាមិនខានឡើយ ព្រោះគាត់ ថ្លើមធំ ហ៊ានក្រូម៉េឯកសារនឹងភូតកុហក់សម្ដេច។ តែពេលនេះរឿងរ៉ាវនៅពីក្រោយវាំងននខ្មៅខាងលើ ត្រូវបានបើកបង្ហាញឲ្យដឹងបន្ទាប់ពី នាយក្តាមប្រៃយើងបានខឹតខំវៀរគឺមៗទាំងត្រដាបត្រដួសរយ:ពេលជាងពីរខែ កាត់យប់ កាត់ថ្ងៃ កាត់ភ្លៀង ខ្យល់ ផ្គរ រន្ទះ ទើបបានទៅដល់ក្រសួងមួយនោះដើម្បីទៅស៊ើបយករឿងនេះមកលាតត្រដាងឲ្យមហាជនបានដឹង ពិសេសបានជ្រាបព័ត៌មាននេះទៅដល់សម្តេច។

រឿងរ៉ាវនេះមានដំណើរដើមទង ដោយកន្លងទៅមានឈ្មោះគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាស្ថានជាតិសង្គមកិច្ចឲ្យចូលបម្រើក្នុងក្របខ័ណ្ឌក្រសួងសង្គមកិច្ចទាំង១៩នាក់ខាងក្រោមនេះ កន្លងមកមានតែឈ្មោះជាគ្រូបង្រៀន តែអត់មានមនុស្សទេ តែក៏មានគ្រូល្អៗជាច្រើន គេបានបំពេញភារកិច្ចបានល្អ ប៉ុន្តែសម្រាប់ឈ្មោះ ឡុង ឈន់ គេថា អត់ឃើញមុខទៅបង្រៀនសិស្ស និងអត់ឃើញមុខទៅបម្រើការងារក្នុងក្រសួងទេ ព្រោះតែបុគ្គលម្នាក់នេះរវល់ទៅរស់នៅក្រៅប្រទេស ហើយឪពុករបស់គេឈ្មោះ សួង ម៉េងឡុង ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ជាអ្នករៀបចំឯកសារបានចូលក្របខ័ណ្ឌ ភូតទាំងរដ្ឋមន្ត្រី វង សូត ភូតទាំងសម្តេចតេជោនាយករដ្ឋមន្ត្រី។

គេថា កូនលោក សួង ម៉េងឡុង ឈ្មោះ ឡុង ឈន់ មានឈ្មោះជាគ្រូបង្រៀន មានឈ្មោះជាមន្ត្រីរាជការ តែអត់មានមនុស្សមកធ្វើការ និងទៅបង្រៀនទេ ចាំបើកតែប្រាក់ខែរដ្ឋយកដាក់ហោប៉ៅ ព្រោះមានឪពុកជាអ្នកកាង។ ទោះជាយ៉ាងណាក្តី ព័ត៌មាននេះនាយក្តាមប្រៃយើងបានព្យាយាមរកការបំភ្លឺពីលោក សួង ម៉េងឡុង ដែរ តែគ្មានលេខទូរស័ព្ទ នឹងសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែរតែពួកគេសុំមិនឲ្យបញ្ចេញឈ្មោះ គ្រាន់តែប្រាប់ថា មានរឿងរ៉ាវបែបនេះមែន៕

មតិយោបល់