ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៤ ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាសុផារ៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាដេប៉ូចែកចាយ ទាំង ០៤ ផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០១ ទីតាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ មិនមានអនុលោមភាពផែ្នកបរិមាណ។
ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់