ស្វាយរៀងៈ លោក ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសារធារណៈបានមានប្រសាសន៍ថា សូមឲ្យមន្ត្រីដែលជាក្រុមការងារ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ក្នុងក្រុងស្វាយរៀង បន្តដោះស្រាយកង្វល់ក៏ដូចជាសំណូមពររបស់ពលរដ្ឋទាំងសេវាសំណូមពរ និងសេវាតម្រូវការជាពិសេសធ្វើគំរូល្អដល់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិការសាធារណៈថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិអណ្តូងឫស្សី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដោយមានការចូលរួមពីលោក សំ សិរិរត្ន័ អនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង និងប្រជាពលរដ្ឋចូលរួមប្រមាណជិត២០០នាក់ផងដែរ។
ក្នុងវេទិការនេះ ប្រជាពលរដ្ឋបានលើឡើងនូវសំណូមពរជាច្រើនឲ្យក្រុមការងារជួយដោះស្រាយ ដូចជា ផ្លូវចាក់កៅស៊ូ ចាក់បេតុង និងបញ្ហាលូបង្ហូរទឹកកុំស្ទះលិចផ្លូវ លិចផ្ទះរបស់ពួកគាត់ បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណមានការយឺតយ៉ាវ បញ្ហាទឹកស្អាត អគ្គិសនីបង្គោលភ្លើងដួលទ្រេត និងគីឡូវ៉ាត់ដើរលឿន ភូមិឃុំមានសុវិត្ថភាព និងបញ្ហាជាច្រើនទៀត ដែលតម្រូវឲ្យក្រុមការងារដោះស្រាយសំណូមទាំងអស់នេះ។
លោក ជុក មុន្នី បានទទួលយកសំណូមពរ និងកង្វល់នានា ដែលពលរដ្ឋបានលើកឡើង និងដោះស្រាយបានខ្លះ ហើយនឹងបន្តទៅយកពិភាក្សាជាមួយអាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញបន្ថែមទៀត ថាតើអាចធ្វើបាននៅពេលណាជាពិសេសជំរុញឲ្យធ្វើបានឆាប់ទើបល្អ៕
មតិយោបល់