សៀមរាបៈ ជនជាតិអង់គ្លេសម្នាក់ ដែលមានពិរុទ្ធ នៅប្រទេសរបស់ខ្លួន បានរត់គេចពីការចាប់ខ្លួនមកប្រទេសថៃ ឆ្លងមកប្រទេសកម្ពុជា ត្រូវបានកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃសហការ ជាមួយកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការចាប់ខ្លួនបានហើយ។
ហេតុការណ៍ឃាត់ខ្លួននោះធ្វើឡើងនៅវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅតំបន់ PubStreet ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរង ជាប្រធានការិយាល័យ កណ្ដាលអន្តប្រវេសន៍ខេត្តសៀមរាប បានឲ្យដឹង នាថ្ងៃទី១៤នេះថា ការចុះឃាត់ខ្លួនជនសង្ស័យនេះដោយយោងទៅតាមរបាយការរបស់អគ្គនាយកដ្ឋានអន្តប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសហការជាមួយស្នងការនគរបាលខេត្តសៀមរាប ផងនោះ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យ នៅតំបន់ Pub Street ដែលជនជាតិអង់គ្លេសរូបនេះ កំពុងអង្គុយផឹកស្រា នៅក្នុងហាង KHMER KITCHEN ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
លោក បន្ដថា ក្រោយពីបានឃាត់ខ្លួនរួចមកកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍បាននាំខ្លួនមកធ្វើការសាកសួរនៅទីបញ្ជាការស្រាលប្រចាំតំបន់ Pub Street ។
លោក បន្តទៀតថា ជនជាតិអង់គ្លេសរូបនេះ មានឈ្មោះ MIDGLEY DAMIEN ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ GBR 508037703។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលអន្តប្រវេសន៍បញ្ជូនខ្លួនទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប របស់នាយកដ្ឋានស៊ើបអង្កេតនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអនុវត្តទៅតាមនីតិវិធីច្បាប់ជាបន្ត៕
មតិយោបល់