ព័ត៌មានជាតិ

ជនជាតិកូរ៉េផឹកស្រាស្រវឹងបង្កការអុកឡុកក្នុងហាង អាយ ហ្គេត យូរ បារ ត្រូវនារីអូតេសព្រួតគ្នាវាយបែកក្បាលហូរឈាមស្រោចខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នារីអូតេសបម្រើភ្ញៀវក្នុងហាងបារបារាំងឈ្មោះ អាយ ហ្គេត យូរ បារ វាយភ្ញៀវជាជនជាតិកូរ៉េ បណ្ដាលឲ្យបែកក្បាលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរតាមដងផ្លូវឈប់ឈរចោមរោមមើល ហេតុការណ៍នេះ កើតឡើងតាមបណ្តោយផ្លូវ១៣៦ ត្រង់ចំណុចហាងបារបារាំងយីហោអាយ ហ្គេត យូ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានជនជាតិកូរ៉េ ៣នាក់ រួមជាមួយអ្នកបកប្រែម្នាក់ បាននាំគ្នាចូលផឹកស៊ីក្នុងបារបារាំងយីហោខាងលើ លុះពេលផឹកស្រាស្រវឹង ស្រាប់តែឈ្លោះប្រកែកគ្នាជាមួយនារីអូតេសបម្រើភ្ញៀវ ឈានដល់ការវាយតប បណ្ដាលឲ្យបុរសជនជាតិកូរ៉េរងរបួសបែកក្បាល ហូរឈាមពេញខ្លួន រំពេចនោះ ជនរងគ្រោះបានរត់ចេញមកក្រៅហើយនៅតែតាមមកព្រួតគ្នាវាយបន្ថែមទៀត បើយោងតាមសំដីអ្នកបកប្រែនិយាយថា ដោយសារនារីៗនោះ សុំលុយធិបច្រើនពេក ទើបជនរងគ្រោះស្រែកខ្លាំងៗ ដាក់ពួកនាងៗ ទើបផ្ទុះដល់ការប្រើហិង្សាបែបនេះ។

តែបើយោងតាមប្រភពព័ត៌មានពីបុគ្គលិកហាងបាននិយាយថា ជនរងគ្រោះបានផឹកស្រាស្រវឹងបង្កការអុកឡុកក្នុងហាង និងមកពីគិតលុយខ្វះចំនួន 20$ ទើបបង្ករករឿងគេឯងបណ្ដាលឲ្យមានរឿងបែបនេះកើតឡើង។

ក្រោយពេលកើតហេតុខាងភាគីជនជាតិកូរ៉េ បានដាក់ពាក្យបណ្តឹង រីឯខាងភាគីបុគ្គលិកហាងបារ អាយ ហ្គេត យូរ បារ ក៏ដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ផងដែរ៕

មតិយោបល់