កណ្ដាលៈ កាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ យុវជនពុំទាន់ស្គាល់អត្ដសញ្ញាណ ២នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈបើកបរម៉ូតូឌុបគ្នា បោះពួយយ៉ាងលឿនដូចហោះ កាច់ចង្កូតមិនទាន់ បានបុករង្វង់មូលផ្សារព្រែកតាមាក់ពេញមួយទំហឹង ស្ថិតតាមបណ្ដោយផ្លូវលេខ៣៨១ ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល។
យោងតាមប្រភពព័ត៌មានពីមន្រ្ដីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះ ជាអ្នកបើកបរម៉ូតូស្លាប់ពុំស្គាល់អត្ដសញ្ញាណ ជិះម៉ូតូម៉ាក SUZUKI Lets ធុនសេ១២៥ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-1452 អ្នករួមដំណើរម្នាក់ ពុំមិនស្គាល់អត្តសញ្ញាណ (ស្លាប់នៅកន្លែងកើតហេតុ) ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង ២នាក់ខាងលើ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេខ៣៨១ ធ្វើដំណើរពីជើងទៅត្បូង បោះពួយយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចរង្វង់មូលផ្សារព្រែកតាមាក់ កាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុករង្វង់មូលពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង ២នាក់ ដួលបោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុនគរបាលជំនាញចរាចរណ៍ស្រុក បានចុះទៅអន្ដរាគមន៍កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង កសាងឯកសារយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីប្រគល់ឲ្យទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់