ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប នឹងបន្តចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោ ប៉ាណូ ដែលគ្មានច្បាប់

សៀមរាបៈ អាជ្ញាធរខេត្តសៀមរាប អះអាងថា នឹងនៅតែបន្តចុះរុះរើផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម និងស្លាកយីហោ ប៉ាណូ ដែលគ្មានច្បាប់ ដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៩នេះ បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រួតពិនិត្យឱ្យបានច្បាស់លាស់ មុនអនុញ្ញាតច្បាប់ ដល់ប្រជាពលរដ្ឋ ឬក្រុមហ៊ុន ដាក់ស្លាកយីហោ ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងបន្តចុះរុះរើផ្ទាំង និងស្លាកយីហោ ប៉ាណូ ដែលគ្មានច្បាប់ ដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈឱ្យសាកសមជាខេត្តទេសចរណ៍ប្រវត្តិសាស្រ្ត។

លោក នាក់ ណេរ៉ុន ប្រសាសន៍បែបនេះក្នុង កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ ដើម្បីត្រៀមចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលពុំមានលិខិតអនុញ្ញាត ឬអស់សុពលភាព ឬខុសគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៅក្នុងខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន បានអំពាវនាវឱ្យអាជ្ញាធរក្រុងស្រុក បន្តផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋ ឬក្រុមហ៊ុន ដែលមានស្លាកយីហោ ឬផ្ទាំងផ្សព្វផ្សាយ ដែលអស់សុពលភាព ឬគ្មានលិខិតអនុញ្ញាត ត្រូវមកបំពេញបែបបទស្នើរសុំលិខិតអនុញ្ញាតពីច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង-ស្រុក ក្រោមទំហំ ៤ម៉ែត្រក្រឡា និងទំហំចាប់ពី ៤ម៉ែត្រក្រឡាឡើងទៅ ត្រូវមកបំពេញបែបបទ នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្តសៀមរាប។

លោកបន្តថា ជំហ៊ានដំបូងនេះ អាជ្ញាធរ និងធ្វើការចុះកាត់ ឬរុះរើស្លាកយីហោ ប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្មដែលមាននៅជាប់ចិញ្ចឹមផ្លូវហើយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬមួយចំនួនអស់សុពលភាព។

ក្នុងឱកាសនោះ លោក អ៊ឹង សុភ័ណ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តសៀមរាប បានឱ្យដឹងថា ក្រុមការងាររបស់រដ្ឋបាលខេត្ត និងក្រុងស្រុក ចាប់ផ្តើមយុទ្ធនាការនេះ ចាប់ពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១៩ខាងមុខនេះ ដែលចាប់ផ្តើមដំបូងនៅក្នុងក្រុងសៀមរាប និងស្រុកតាមបណ្តោយជាប់ផ្លូវជាតិលេខ៦។ លោកបន្តថា រាល់ការខូចខាតទ្រព្យសម្បត្តិផ្សេងៗ រដ្ឋបាលខេត្តសៀមរាប ពុំទទួលខុសត្រូវឡើយ។

គួររំឭកថា រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ០៣ដងរួចមកហើយ ដើម្បីឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ក្រុមហ៊ុន ឬគ្រឹះដ្ឋានស្ថានមីក្រូវត្ថុនានា ព្រមទាំងប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានទាំងអស់ចូលរួមសហការ និងសុំច្បាប់ដើម្បីដំឡើងស្លាកយីហោ ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបានត្រឹមត្រូវក្នុងន័យកែប្រែសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសបានហានិភ័យគ្រោះថ្នាក់មួយចំនួនកើតឡើងដោយយថាហេតុ ៕

មតិយោបល់