ព័ត៌មានជាតិ

រថយន្ដក្រុមហ៊ុនវីរៈប៊ុនថាំង ប៉ះគ្នាជាមួយរថយន្ត ២គ្រឿង បណ្ដាលឲ្យស្លាប់តៃកុងម្នាក់

សៀមរាប: កាលពីវេលាម៉ោង ១១ និង០០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦ រវាងរថយន្ដ ៣គ្រឿងបុកប៉ះគ្នា ក្នុងទិសច្រាស់ទិសគ្នា។

រថយន្ដម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8914 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូងទៅជើង ឆ្លងផ្លូវទៅបុករថយន្ដសាំងយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4921 បើកបរពីលិចទៅកើត បណ្ដាលឲ្យរថយន្ដសាំងយ៉ុង វិលទៅបុកជាមួយរថយន្ដ ហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-3551 របស់ក្រុមហ៊ុនវីរ:ប៊ុនថាំង បើកបរដោយឈ្មោះ សុខ វីរ: ភេទប្រុសអាយុ៣១ឆ្នាំ សញ្ជាតិខ្មែរនៅភូមិអង្គសង្កែ ឃុំពោធិរំចាក ស្រុក ព្រៃកប្បាស ខេត្ដតាកែវ ធ្វើដំណើរពីកើតទៅលិច។

ក្រោយកើតហេតុរួច អ្នកបើកបររថយន្ដកាមរីបាឡែន និងរថយន្ដសាំងយ៉ុង ចុះរត់គេចខ្លួនបាត់អស់។ ករណីនេះ បណ្ដាលឲ្យអ្នកបើកបររថយន្ដហ្វត ស្លាប់នៅនឹងកន្លែងកើតហេតុ និងខូចខាតរថយន្ដ៣គ្រឿងកម្រិតធ្ងន់។

មូលហេតុ៖ អ្នកបើកបររថយន្ដកាមរីបាឡែន បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីដោះស្រាយពេលក្រោយ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់