ព័ត៌មានជាតិ

ថ្មីទៀតហើយ! បុគ្គលិកហាងខារ៉ាអូខេម្នាក់វាយក្មេងកម្មករសំណង់យកម៉ូតូ

ភ្នំពេញៈ នៅវេលាម៉ោង ៥និង៤០នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ករណីហិង្សាមានស្ថានទម្ងន់ទោស (វាយយកម៉ូតូ) ត្រង់ចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ ផានិត ហៅឃ្និត ភេទប្រុស អាយុ ២៨ឆ្នាំ​ជនជាតិខ្មែរ លំនៅផ្ទះជួលផ្លូវលំ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកហាងខារ៉ាអូខេ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ នៅ សុខហួរ ភេទប្រុស អាយុ ១៥ឆ្នាំ​ ជនជាតិខ្មែរ លំនៅផ្ទះជួលផ្លូវលំភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរជាងសំណង់។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ពណ៌ខ្មៅ ស៊េរី២០១៣ លេខតួ+លេខម៉ាស៊ីន៨៨៤៩៣៣ ពាក់ស្លាកលេខ ភ្នំពេញ​ 1CT-2406 និងទូរស័ព្ទដៃចាស់០១គ្រឿង (ជារបស់ជនសង្ស័យ)។

សម្ភារៈជនរងគ្រោះដែលបាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ លេខតួ+លេខម៉ាស៊ីន9752175 ពាក់ស្លាកលេខ ភ្នំពេញ​ 1GI-3919 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក អូប៉ូស៊ីមកាតលេខ 081513787។

ដំណើររឿងហេតុ៖ កាលពីវេលាម៉ោងកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CT-2406 ដោយបានទុកទូរស័ព្ទដៃ១គ្រឿងម៉ាក អូប៉ូស៊ីមកាតលេខ081513787 នៅក្រោមកែបម៉ូតូ ហើយឌុបមិត្តភក្កិម្នាក់ឈ្មោះ ចាត់ រដ្ឋា ចេញពីធ្វើការសំណង់នៅសង្កាត់បឹងកក់១ ដើម្បីត្រឡប់ទៅផ្ទះហើយ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០២នាក់ឈ្មោះ ចាន់ ផានិត និងឈ្មោះចិន ជិះម៉ូតូមកក្បែរហើយជនសង្ស័យឈ្មោះចិន ដោះមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះភ្លាមនោះ ជនរងគ្រោះក៏ផ្តួលម៉ូតូទុកចោល ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះចាន់ ផានិត ស្ទុះចូលទៅចាប់វាយជនរងគ្រោះឈ្មោះនៅ សុខហួរ ត្រូវចំផ្ទៃមុខជាច្រើនដៃជាមួយគ្នានោះ ជនសង្ស័យម្នាក់ទៀតឈ្មោះចិន បានលើកយកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ (របស់ជនរងគ្រោះ) ជិះគេចខ្លួនបាត់ទន្ទឹមនោះ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី ចុះមកដល់ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ផានិត យកទៅសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ចាន់ ផានិត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់