ព្រៃវែងៈ ករណីគ្រោះថ្នាក់ចរាចណ៍មួយ បង្កឡើងដោយយុវជនស្ទើរភ្លើងម្នាក់ ទើបទិញរថយន្តថ្មី បើកឥតប្រណីទៅបុកម៉ូតូជិះឌុបគ្នា ខ្ទាតចម្ងាយប្រហែល២០ម៉ែត្រ រួចបើកគេចខ្លួនតែត្រូវសមត្ថកិច្ចក្របួចជាប់ កាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៦ ចំនុចមុខស្ថានីយប្រេងឥន្ធនៈ រុណ សុផល ភូមិពោធិចិន្តាំ លើកំណាត់ផ្លូវជាតិ១១។
ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយអ្នកបើកបរ ឈ្មោះ អំ ហាន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឫស្សីធ្លក ឃុំអង្គរទ្រេត បើករថយន្តម៉ាកសាំយ៉ុង ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2l-4387 ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំនុចកើតហេតុបានបុកម៉ូតូម៉ាកសេ១២៥ មួយគ្រៀង ពណ៌ខ្មៅ ស៊េរី២០១៥ ជិះដោយប្តីប្រពន្ធ២នាក់ ឈ្មោះ ព្រឿងសល់ ភេទប្រុស អាយុ២៨ឆ្នាំ ឌុបប្រពន្ធឈ្មោះ អឿន អាយុ២៦ឆ្នាំ បណ្តាលឲ្យបុរសជាប្តីរងបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនមកដល់គ្លីនិចឯកជនស្វាយអន្ទរ ចំណែកប្រពន្ធកំពុងសង្គ្រោះ។
ក្រោយកើតហេតុ ជនបង្ក និងរថយន្ត រួមទាំងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ប៉ុស្តិ៍ស្វាយអន្ទរ ដើម្បីរងចាំការដោះស្រាយតាមនិតិវិធី៕
មតិយោបល់