ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង២២និង១០នាទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ដើរឆក់ទូរស័ព្ទដៃ) ត្រង់ចំណុចមុខវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ ភូមិទី១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ កង បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ ទីលំនៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ លឹម ស៊ាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ តន្ត្រីករ ស្នាក់នៅផ្ទះលេខ17EO ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្តុតាងចាប់យកមាន៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក HUAWEI ពណ៌ទឹកបិច (បានប្រគល់ជូនជនរងគ្រោះវិញ)។
ដំណើររឿងហេតុ៖ មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅអង្គុយលេងលើថ្មម៉ាប មាត់ទន្លេមុខវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ ភូមិទី១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ ដោយយកទូរស័ព្ទដៃម៉ាក HUAWEI ពណ៌ទឹកប៊ិចចុចលេង ពេលនោះស្រាប់តែជនសង្ស័យបានដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីដៃ បានសម្រេចរត់គេចខ្លួន រំពេចនោះជនរងគ្រោះស្រែកឆោរឡោរត់ដេញតាមពីក្រោយ ជនសង្ស័យរត់ឆ្លងផ្លូវមកដល់ចំណុចផ្លូវសុធារសកែងផ្លូវលេខ១៧៨ ភូមិ២ សង្កាត់ជ័យជំនះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ ដែលកំពុងល្បាតឃើញជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន រួមជាមួយវត្ថុតាងទូរស័ព្ទដៃ០១គ្រឿង របស់ជនរងគ្រោះ ដែលឆក់បានយកទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង។
ចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌកំពុងប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់