ភ្នំពេញៈ បុរសវ័យ៤០ឆ្នាំម្នាក់ ត្រូវបានម្ចាស់ផ្ទះ និងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីគាត់ផឹកស្រវឹង រួចក៏ដើរចូលក្នុងផ្ទះពេទ្យមួយកន្លែង សុំស្នាក់អាស្រ័យតែត្រូវម្ចាស់ផ្ទះ មិនព្រមហើយចោទថា មកបន្លំដាក់ថ្នាំសណ្តំ ដើម្បីលួចយកទ្រព្យសម្បត្តិ ទើបឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារទួលពង្រ ភូមិទួលពង្រ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ មានឈ្មោះ ប៉ាវ ឃឹម ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរលើកអង្គរ ស្នាក់នៅចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមការបកស្រាយរបស់ជនសង្ស័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានផឹកស្រាថ្នាំ ជាមួយមិត្តភ័ក្តនៅផ្លូវ៣០ម៉ែត្រ ក្រោយផឹកចប់ ក៏ឲ្យក្មួយដឹកមកដាក់នៅផ្សារទួលពង្រ ដើម្បីមករកផ្ទះមិត្តភក្ក័ រួចហើយក្មួយក៏ទៅបាត់។ ក្រោយមកដោយសារតែរកផ្ទះមិត្តភ័ក្ត មិនឃើញហើយស្រវឹងផងនោះ ថែមទាំងអត់ផ្ទះដេកទៀត ក៏ចូលទៅផ្ទះប៉ាម៉ាស៊ីលក់ថ្នាំពេទ្យមួយកន្លែង ដើម្បីសុំគេស្នាក់អាស្រ័យ តែម្ចាស់ផ្ទះមិនព្រម ហើយបានចោទគាត់ថា ចូលមកដាក់ថ្នាំសណ្តំ ក៏ឃាត់ខ្លួនតែម្តងទៅ។
តាមសម្តីម្ចាស់ផ្ទះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្តីរួមទាំងកូនៗ បាននាំគ្នាអង្គុយលេងក្នុងផ្ទះ ដោយម្តាយគាត់ នៅខាងមុខម្នាក់ឯង ពេលនោះស្រាប់តែជនសង្ស័យ បានដើរចូលមកសុំកន្លែងស្នាក់អាស្រ័យមួយយប់ ហើយបានយកដៃមកកាន់ស្មា ភ្លាមនោះធ្វើឲ្យម្តាយគាត់ដួល និយាយលែងចេញរឹងថ្គៀម ឃើញដូចនោះ រូបគាត់ក៏ស្ទុះចេញមកហើយ បានឃាត់ជនសង្ស័យតែម្តង ដោយចោទថា ជននោះបានដាក់ថ្នាំសណ្តំម្តាយរបស់គាត់។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានយកទៅសាកសួ នៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីចាតិការតាមនិតិវិធីច្បាប់៕
មតិយោបល់