ព័ត៌មានជាតិ

តុលាការគ្រោងនឹងបើកសវនាការកាត់ទោស ថោង សារ៉ាត់ និងបក្ខពួក នៅព្រឹកនេះ

ភ្នំពេញៈ បើយោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ តុលាការនឹងធ្វើការបើកសវនាការលើអង្គសេចក្តី ដើម្បីជំនុំជម្រះទិសអតីត ឧកញ៉ាយោធាផ្កាយ២ ថោង សារ៉ាត់ និងអង្គរក្សចំនួន៥នាក់ (ស្លាប់ម្នាក់) នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ។

សមសភាពចៅក្រម និងតំណាងអយ្យការដែលត្រូវចូលរួមនៅក្នុងអង្គសវនាការនាព្រឹកនេះរួមមាន៖
-ទី១ លោក តុប ឈុនហេង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ
-ទី២ លោក ម៉េង តូនី ជាចៅក្រមប្រឹក្សា
-ទី៣ លោក ហេង កេសរោ ជាចៅក្រមប្រឹក្សា
-និងទី៤ លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ

ដោយឡែកជនជាប់ចោទដែលនឹងត្រូវឈរនៅក្នុងរង្វង់ក្រចកសេះ ដើម្បីឱ្យតុលាការវិនិច្ឆ័យសេចក្តីនោះរួមមាន៖
-ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន
-ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន
-ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោងប្រាមាណជាជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។

គួររំឮកថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់