ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយដឹកគ្រឿងចក្រ អាប៊ុលមួយគ្រឿង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកប៉ះពីក្រោយរថយន្តលុចស៊ីស៥៧០ ស៊េរី២០១៩មួយគ្រឿង បណ្ដាលឲ្យក្រពឹតផ្នែកខាងក្រោយ និងបែកស្តុបម្ខាង ធ្វើឲ្យម្ចាស់អន់ចិត្តស្តូក កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តរងគ្រោះ ម៉ាកលុចស៊ីស ៥៧០ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-2068 បើកលើផ្លូវជាតិលេខ៤ពីកើតទៅលិច លុះដល់ចំណុចខាងលើ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 3A-0310 ដឹកគ្រឿងចក្រ អាប៊ុល ធ្វើដំណើរពីកើតទៅលិចស្របទិសគ្នា វ៉ាជែងរថយន្តមួយគ្រឿងខាងមុខ ហើយជ្រុលទៅបុកប៉ះរថយន្តលុចស៊ីស ៥៧០ពីក្រោយ ។
ក្រោយកើតហេតុ ម្ចាស់រថយន្តរងគ្រោះអន់ចិត្តស្តូក គ្រាន់តែសាកសួរទៅក្រុមហ៊ុន វាយតម្លៃ ជួសជុលឡើងវិញ ១,៦០០០ដុល្លារ និយាយលែងចេញ ខណៈភាគីខាងរថយន្តបង្ក រកពាក្យចរចាមិនឃើញ។ មានតែប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ និងយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅក្រោយ ៕













មតិយោបល់