ព័ត៌មានជាតិ

ចោរសកម្មកាច់កសោម៉ូតូនៅក្រុងសៀមរាប ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

សៀមរាប: កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ០៨និង៣៤នាទីព្រឹក ត្រង់ចំណុចមុខហាងលក់អាហារយីហោ មី ឡូ ទល់មុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីជនសង្ស័យចំនួនពីរនាក់ មិនស្គាល់អត្តសញ្ញណ បានធ្វើសកម្មភាព លួចកាច់សោរកយកម៉ូតូ។

ជនរងគ្រោះឈ្មោះ សូត្រ គឹមសុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានជនសង្ស័យកាច់កយក ម៉ូតូម៉ាកដ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប ១AD-២៣៨០ លេខតួ+លេខម៉ាស៊ីន ៥៣៧១៦៨០ ខណៈពេលដែលជនរងគ្រោះបានជិះយកម៉ូតូភិនភាគខាងលើ ទៅចតទុកនៅចំណុចកើតហេតុខាងលើ មិនបានចាក់សោរ អ្វីទាំងអស់រួចចូលទៅហូបអាហារក្នុងហាងនោះ។

ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះ ពីករណីខាងលើ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់តាំងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ចុះទៅពិនិត្យបរិវេណកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ។ យោងតាមទិន្នន័យ ពីកាម៉េរ៉ាសុវត្ថិភាពសមត្ថកិច្ចកំណត់ ភិនភាគមុខមាត់ជនសង្ស័យបាន រួមទាំងភិនភាគម៉ូតូដែលពួកគេជិះធ្វើសកម្មភាព ដែលមាន ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HM-4753 ។

នៅវេលាម៉ោង ១៥និង០០នាទីថ្ងៃដដែលសមត្ថកិច្ចបានប្រទះឃើញ ភិនភាគជនសង្ស័យទាំងពីរខាងលើ រួមទាំងម៉ូតូដែលជិះធ្វើសកម្មភាព បម្រុងកាច់សោកយកម៉ូតូមួយគ្រឿងទៀត នៅចំណុចខាងក្រោយផ្សារដើមក្រឡាញ់ ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការប្រដេញតាម ជនសង្ស័យពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យ ហើយជិះគេចហើយទម្លាក់បក្ខពួកម្នាក់ នៅមុខសាលាញ៉ូយ៉កក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ហើយប្តូរអាវ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចរួចគេចខ្លួនបាត់ ។ បន្ទាប់មកលោកអធិការនគរបាលក្រុងសៀមរាប ក៏ស្នើរសុំគោលការណ៍ តាមរយៈលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ទៅលោកស្នងការនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប ដើម្បីសុំកិច្ចសហការ ពីបណ្តាអធិការដ្ឋានស្រុក ក្នុងខេត្តសៀមរាប ដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើបន្ត លុះដល់វេលាម៉ោង ១៧និង៥៨នាទីល្ងាចថ្ងៃដដែល ដោយមានការសហការល្អ ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាគង ទើបសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ តាមផ្លូវជាតិលេខ៦A តាមឡានឈ្នួលបម្រុងចាកចេញពីខេត្តសៀមរាប ត្រង់ចំណុចក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង។ បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ក៏បានចុះទៅធ្វើការនាំជនសង្ស័យទាំង០២នាក់មានឈ្មោះ

ជនសង្ស័យទី១ឈ្មោះ គង់ សិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអង្កោល ឃុំសម្ភាស ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម មានទីលំនៅបច្ចប្បន្នមិនពិតប្រាកដ។
ជនសង្ស័យទី២ឈ្មោះ ជា រស្មី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទូកមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាមមកធ្វើការសាក សួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

ក្រោយពីការសាកសួរតាមនីតិវិធីជំនាញ ជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូភិនភាគខាង លើរបស់ជនរងគ្រោះប្រាកដមែន ហើយបាននាំជនសង្ស័យខាងលើ ចុះចង្អុលបង្ហាញ និងដកហូតម៉ូតូជិះធ្វើសកម្មភាព ដែលប្លុងទុកចោលកន្លែងហាងផ្តិតរូបយីហោ ពេញ ចិត្ត មុខផ្សារឡាក់គីម៉ល និងសំលៀកបំពាក់ដែលជនសង្ស័យប្តូរពេលរត់គេចពីសមត្ថកិច្ចផងដែរ។

លុះដល់ព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ ក្រុមកម្លាំងនាំជនសង្ស័យ ចុះទៅបន្ទប់ជួលរបស់ពួកគេ ស្ថិតនៅភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្វែងរកវត្ថុតាងហើយធ្វើការឆែកឆេរ បន្ទាប់មកបានរកឃើញម៉ូតូចំនួន ២គ្រឿងដែលលាក់ទុកនៅក្នុងបន្ទប់ជនសង្ស័យរួមមាន

-ម៉ូតូទី១/ម៉ាក ឌ្រីមសង់១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HA-3079 (ស្លាកលេខក្លែងក្លាយ) លេខតួ.លេខម៉ាស៊ីន៥៣៧១៦៨០(ម៉ូតូបាត់នៅចំនុចហាងមីឡូ) ។
-ម៉ូតូទី២/ម៉ាក ឌ្រីមសង់១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-5541 (ស្លាកលេខក្លែងក្លាយ) លេខតួ.លេខម៉ាស៊ីន៥២១៣៦៣៧ (ម៉ូតូបាត់នៅកន្លែងហាត់ប្រាណ នៅក្បែររង្វង់មូលព្រះរាជដំណាក់) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង០០នាទី ។

សូមបញ្ជាក់៖ វត្ថុតាងសោកែច្នៃសម្រាប់កាច់កសោម៉ូតូមួយចំនួនផងដែរ ពាក់ព័ន្ធនឹងម៉ូតូដែលរកឃើញ ដកហូតបាននេះស្រាវជ្រាវរកឃើញពាក្យបណ្តឹង និងអត្តសញ្ញាណម្ចាស់ផងដែរ៕

ជនសង្ស័យទាំងពីរបានសារភាពទៀតថា​ ពួកគេ ពិតជាបាន ធ្វើសកម្មភាពលួចកាច់សោកយកម៉ូតូ នៅក្រុងសៀមរាប ជា ច្រើនលើករួចមកហើយដោយក្នុងនោះរួមមាន៖ នៅកន្លែងហាត់ប្រាណ ក្បែររង្វង់មូលព្រះរាជដំណាក់ចំនួន០២គ្រឿង នៅក្បែរអាហារដ្ឋានយីហោ ម៉ៃ ឡូ ចំនួន ០២គ្រឿង និងនៅក្នុងភូមិវត្តបូព៌ចំនួន០១គ្រឿង ក្នុងនោះរកឃើញ ពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ០៥ករណី។

យោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹង របស់ជនរងគ្រោះ ជនសង្ស័យត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់