ភ្នំពេញៈ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបនូវគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូម៉ាកM. SLAZជិះឌុបគ្នាល្បឿនលឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូសេ១២៥ បើកបញ្ច្រាសទិស កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៥១ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ភាគីម៉ូតូធន់ធំម៉ាកM. SL AZពណ៌ខៀវលាយសខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-1489 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ សោម វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិកើតហេតុ (ស្លាប់នៅកន្លែង) រួមដំណើរដោយឈ្មោះ ឆាយ យា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសធ្ងន់។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូM Slazខាងលើ ជិះឌុបគ្នា២នាក់ ល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ចូលទៅចំណែកផ្លូវម្ខាងជ្រុលទៅបុកម៉ូតូបញ្រ្ចាសទិស ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CX-4381 បើកបរដោយជនរងគ្រោះ ឈ្មោះ ផាត់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ស្លាប់)។
ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក ម៉ូតូទាំង២គ្រឿងសមត្ថកិច្ចជំនាញវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌព្រែកព្នៅ រង់ចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់