ព័ត៌មានជាតិ

អភិបាលរាជធានីចុះពិនិត្យសំណង់ស្ថានីយបូមទឹកទួលគោកទី១

ភ្នំពេញៈ សំណង់ស្ថានីយបូមទឹកថ្មីទួលគោកទី១ ត្រឡោកបែក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក មកដល់ពេលនេះសាងសង់រួចបាន៥០ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ដែលស្ថានីយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការបូមទឹកចេញពីតំបន់ទួលគោក ត្រឡោកបែកលើផ្ទៃដីជាង១៨៤ហិកតា។

នៅរសៀលថ្ងៃទី១៤ កក្កដា លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំ ពេញរួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធបានទៅពិនិត្យមើលសកម្មភាព សាងសង់ស្ថានីយបូមទឹកទួលគោកទី១ ត្រឡោកបែកដែលបានបើកការដ្ឋានសាងសង់ តាំងពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ មានបណ្តោយ១៧ម៉ែត្រកន្លះ,ទទឹង១៣ម៉ែត្រកន្លះ និងគ្រោងបំពាក់ម៉ូទ័របូមចំនួន៥គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន៥ម៉ែត្រគូប ក្នុង១វិនាទី។

លោកអភិបាលបានជំរុញឲ្យក្រុមហ៊ុនទទួលស្ថាបនាស្ថានីយនេះ ត្រូវអនុវត្តឲ្យបាន ឆាប់ទៅតាមការគ្រោងទុក និងគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ព្រោះជាការងារចាំបាច់ដែលយើងត្រូវបង្កើនសមត្ថភាពស្ថានីយបូម រួមទាំងប្រព័ន្ធលូ ក៏ដូចជាការស្តារអាង ស្តុកទឹកផងដែរ។ មូលហេតុចំបងមួយដែលធ្វើឲ្យស្ទះទឹកពេលធ្លាក់ភ្លៀងម្តងៗ គឺបណ្តាល មកពីការរំលោភយកបឹង,ប្រឡាយ ,អាងស្តុកទឹក ក៏ដូចជាការចាក់ដីលប់ប្រព័ន្ធបង្ហូរទឹកជាដើមពីជនឱកាសនិយមមួយចំនួន ដែលយើងត្រូវមានការការពារ និងអភិរក្ស។

លោកអភិបាលបានណែនាំឲ្យបង្កើតក្រុមការងារមួយចុះពិនិត្យ និងទទួលខុសត្រូវលើការងារនេះក្រុមការងារជំនាញនេះ មានភារកិច្ចធ្វើតូប៉ូរាល់ចំណុចដែលមានការពាក់ព័ន្ធ បន្ទាប់មកចេញដិការអភិរក្សគ្រប់បឹង និងអាងស្តុកទាំងអស់ក្នុងរាជធានីភ្នំពេញ។

ក្នុងឧិកាសនោះដែរ លោក ប៉ា សុជាតិវង្ស ក៏បានណែនាំឲ្យអាជ្ញាធរដែនដីជូនដំណឹងទៅ ម្ចាស់ផ្ទះ៥ខ្នងដែលសង់ចំពីមុខស្ថានីយទឹកត្រឡោកបែក ដែលត្រូវបង្ហូរទឹកនោះចេញក្នុង រយៈពេល១ខែ ព្រោះផ្ទះសិប្បកម្មកែឆ្នៃឈើទាំង៥ខ្នងនេះ បានសង់បិទចំមុខទុយោបូម ទឹកតែម្តង។ លោកអភិបាលបន្តថា យើងមិនចង់បានអ្វីឲ្យលើសពីតម្រូវការសម្រាប់ស្ថានីយបូម ទឹកនោះទេ ហើយក៏សុំឲ្យប្រជាពលរដ្ឋយល់ផងថា ការធ្វើនេះមិនមែនសម្រាប់បុគ្គលណាម្នាក់ទេ តែសម្រាប់ផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះ។ ស្ថានីយទួលគោកទី១ ជាស្ថានី មួយក្នុងចំណោមស្ថានីយទាំងថ្មីទាំង៣ ដែលសាលារាជធានីភ្នំពេញបាននឹងកំពុងដំណើរការស្ថាបនា គឺស្ថានីយទួលគោកទី២ និងស្ថានីយបឹងត្របែក រួមទាំងដំណើរការស្តារប្រឡាយសំខាន់ៗ១ ចំនួនទៀតដូចជាប្រឡាយបាក់ទូក,ប្រឡាយបឹងត្របែក,ប្រឡាយបឹងទំពន់រួមទាំងការបើក មុខទឹកជាច្រើនកន្លែងទៀត ដើម្បីនាំទឹកចេញក្រៅក្រុង ដែលជាការបង្កើនសមត្ថភាពបូម ទឹកឲ្យអស់លទ្ធភាពនិងទាន់ពេលវេលា រួមទាំងការទប់ស្កាត់ការរំលោភបំពាននានា៕

មតិយោបល់