ព័ត៌មានជាតិ

ចេញលួចភ្លេចមើលថ្ងៃល្អ ម្ចាស់គេឃើញទាន់ក្របួចឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវម្ចាស់ក្របួចរួចប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេធ្វើសកម្មភាពលួចម៉ូតូ កាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ ៥៦DIEo ផ្លូវ២៣០ ក្រុម១៦ ភូមិ៦សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៊ិន រើន ហៅ រើន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវ ៣៦៩ ភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ចំណែកម្ចាស់ម៉ូតូឈ្មោះ តែម សុភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ១៣៨ហ្សេត សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសជាម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេ​ (ជនរងគ្រោះ) បានជិះម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CL-6749 ឌុបប្រពន្ធមកផ្ទះពេទ្យ ក្នុងសង្កាត់ទឹកល្អក់ទី៣ ដើម្បីមើលជំងឺ ពេលមកដល់ រូបគេក៏បានចតម៉ូតូនៅមុខផ្ទះពេទ្យ ហើយក៏ចូលទៅពិនិត្យជំងឺ រហូតដល់ម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូ ពេលនោះរូបគេឃើញទាន់ក៏ស្រែកថាចោរៗ ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ កំពុងធ្វើការល្បាតក៏អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន​ជាក់ស្ដែងតែម្ដង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ដែកសំប៉ែតកែច្នៃសម្រាប់កាច់កម៉ូតូ១ -សោរទីបលេខ៨១ -ទូរសព្ទ២គ្រឿងម៉ាLGពណ៌ទឹកមាសចិន១ និងម៉ាកNokiaចិន១ពណ៌ទឹកមាស។ ដោយឡែកម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់