ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ស្លាកយីហោហាងចិន ដាក់ហៀរមកលើចិញ្ចើមផ្លូវសាធារណៈ តាមដងផ្លូវចូលផ្សារព្រៃទា ក្នុងភូមិសាស្ត្រម្ខាងម្នាក់បុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ និងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ទោះជាកន្លងមក ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់កម្លាំងចុះកាត់ស្លាកទាំងនោះចេញ សេសសល់ធ្វើការអប់រំម្ចាស់ទីតាំងឲ្យលើកចេញ ប៉ុន្តែ ហាក់ដូចជា មិនស្តាប់ការណែនាំរបស់អាជ្ញាធរ ទើបនៅលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងមានការឯកភាពពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ បន្តដឹកនាំកម្លាំងចាត់វិធានការលើ ស្លាកយីហោណាដែលម្ចាស់រឹងរុសដើម្បីកាត់យកចេញ។
លោក ប៉ាង លីដា បានឲ្យដឹងថា កន្លងមក អាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ ចំណុចខាងលើនេះ ម្តងជាពីរដងហើយកាត់ស្លាកដែល ហាងចិនដាក់មកលើចិញ្ចើមផ្លូវសាធារណៈ នៅសេសសល់បានធ្វើការអប់រំដល់ម្ចាស់តម្រូវឲ្យរុះរើដោយខ្លួនឯង ក៏ប៉ុន្តែមកដល់ពេលនេះ ហាងចិនទាំងនោះ មិនបានរុះរើស្លាករបស់ខ្លួនចេញពីចិញ្ចើមផ្លូវ មានហាងខ្លះធ្លាប់កាត់ម្តងហើយ មកលួចតម្លើងស្លាកថ្មីម្តងទៀត ទើបអាជ្ញាធរ បន្តចាត់វិធានការ ដាក់កម្លាំងកាត់យកស្លាកយីហោទាំងនោះចេញ និងត្រួតពិនិត្យមើល ហាងអាជីវកម្ម បោះពុម្ភផលិតស្លាកយីហោ របស់ចិនមួយកន្លែង ដែលសាកសួរទៅ មិនមានច្បាប់អាជីវកម្ម ត្រូវបានអាជ្ញាធរសម្រេចឲ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងអនុញាតិពេល៧ថ្ងៃ ដើម្បីឲ្យម្ចាស់ធ្វើច្បាប់អាជីវកម្មត្រឹមត្រូវ៕
មតិយោបល់