ព័ត៌មានជាតិ

រថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន ឡោ ម៉េងហួត បុកគ្នាជាមួយរថយន្តក្រុមហ៊ុនដឹកជញ្ជូនត្បូងពេជ្រ បណ្ដាលឲ្យតៃកុងគាប់ស្លាប់

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រឈាមចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០-៥១ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រថយន្តម៉ាក ISUZU ពណ៌ស (ចង្កូតស្ដាំ) របស់ក្រុមហ៊ុនដឹកជញ្ជូនត្បូងពេជ្រពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0397 សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0506 អ្នកបើកបរឈ្មោះ ម៉េង លាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង និងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ឆ្នូតពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A- 4770 សណ្ដោងរ៉ឺម៉ក គ្មានស្លាកលេខ របស់ក្រុមហ៊ុនដឹកជញ្ជូន ឡោ ម៉េងហួត (ចតស្ងៀម) អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន បើកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរស្របទិសគ្នា ។ បង្កការគ្រោះថ្នាក់ស្លាប់មនុស្សម្នាក់ប្រុស(អ្នកបើកបររថយន្ត ISUZU) និងខូចរថយន្ត ២គ្រឿង ខូចខាតធ្ងន់ធ្ងរ ១គ្រឿង ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់