បាត់ដំបងៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ព្រែកទាល់ជាតំបន់ទេសចរណ៍មួយ នៅក្នុងខេត្តបាត់ដំបង ដែលបានទាក់ទាញ ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ អោយទៅទស្សនាជារៀងរាល់ឆ្នាំ ដោយព្រែកទាល់ជាតំបន់មួយ ក្នុងចំណោមបីរបស់បឹងទន្លេសាប ដែលប្រមូលផ្តុំទៅដោយជីវៈចម្រុះជាច្រើនប្រភេទ និងសត្វស្លាបតូចធំគួអោយចង់គយគន់។
ក្នុងចន្លោះខែធ្នូដល់ខែកុម្ភៈជាពេលដែលទឹកជោរ និងជាពេលវេលាដែលល្អបំផុត សម្រាប់អ្នកទស្សនាដែលអាចមើលឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានាដូចដែលអ្នកតែងតែឃើញ នៅក្នុងវីដេអូឯកសារសត្វដែរនៅពេលដែលទឹកនៅតំបន់ផ្សេង ចាប់ផ្ដើមស្រកសត្វបក្សី មកពីគ្រប់ទិសទី បានជួបជុំគ្នានៅទីនេះ។ ពេលវេលាដែលល្អបំផុត សម្រាប់ការទស្សនាសត្វស្លាបនៅទីនោះ គឺពេលព្រឹកព្រលឹម និងពេលរសៀល ដូចនេះអ្នកត្រូវតែចំណាយពេលមួយយប់ ស្នាក់នៅក្នុងតំបន់ព្រែកទាល់ ដែលការស្នាក់នៅជាលក្ខណៈបែបសាមញ្ញ និងមានតម្លៃចាប់ពី ១៥ ទៅ ២០ ដុល្លារ។
ចំពោះការទស្សនានៅទីនោះ គឺអ្នកទស្សនាត្រូវធ្វើដំណើរតាមទូកមុន នឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ ដោយចំណាយពី៤៥ទៅ៥០ដុល្លារសម្រាប់ទូកមួយ (អាចជិះបានពី៣ទៅ៤នាក់)។ ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀត ដែលមានតម្លៃ ចន្លោះពី៣៥ទៅ៤៥ដុល្លារសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប (រយៈពេលប្រហែលមួយម៉ោង) ។ សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ៕
មតិយោបល់