ព្រះវិហារៈ យោងតាមផេកអគ្គនាយកដ្ឋានកុងកាំត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការចូលរួមពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារបានជ័យ និងផ្សារអង្គការអេដស៍ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ មួយចំនួនដូចជា៖
– នំចម្រុះ ចំនួន ០៣ស្បោងធំ ស្មើនឹង ១១គីឡូក្រាម
– តែកញ្ចប់ ចំនួន ០៦កញ្ចប់ ស្មើនឹង ០,៣៩គីឡូក្រាម
– ទឹកម្ទេស ចំនួន ០១ដប ស្មើនឹង ០,៦៨គីឡូក្រាម
– ខ្ទិះដូង ចំនួន ០៧ប្រអប់ ស្មើនឹង ១,៧៥គីឡូក្រាម
– ទឹកត្រី ចំនួន៥៧ដប ស្មើនឹង ១៧,១លីត្រ
– ទឹកក្រូច ចំនួន១១ដប ស្មើនឹង ១៣,៧៥លីត្រ។
បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឲ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត៕
មតិយោបល់