ព័ត៌មានជាតិ

សុទ្ធតែក្មេងៗ! សិស្សសាលាប្រុសស្រីជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ស្រាល នៅខេត្តតាកែវ

តាកែវ: កាលពីវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-4515 បើកបរដោយឈ្មោះ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិតាពោនកើត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មុខរបរសិស្ស រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ឈ្មោះ ជា សៀងហ័រ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មុខរបរសិស្ស។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-4995 បើកបរពីកើតទៅលិចដោយឈ្មោះ អ៊ូ វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ សុខុម ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ ម្នាក់ទៀតឈ្មោះ ស្រី លីន ភេទស្រី អាយុ ៧ឆ្នាំ មុខរបស់សិស្ស រងរបួសស្រាល អ្នកទាំងបីរស់នៅភូមិអង្គចង្អេរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ ។

មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាក MSX បើកលឿន រួចរេចង្កូតទៅបុកម៉ូតូ ហុងដាឌ្រីម សេ១២៥ ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់