រតនគិរីៈ សមត្ថកិច្ចនគរបាលស្រុកអូរជុំឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីហិង្សាកើតឡើងនៅវេលាម៉ោង១២និង២០នាទីនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។
តាមប្រភពពីសមត្ថកិច្ចនបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ រចំ គា ភេទប្រុសអាយុ២០ឆ្នាំជនជាតិទំពួនមានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី មានមុខរបរចៀរជ័រកៅស៊ូ។
ប្រភពបន្តថាមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមកពីផ្លូវកែងទិញម្ហូបពេលជិះមកដល់ត្រង់ចំណុចចម្ការស្វាយចន្ទីខាងលិចភូមិការម៉ែន ស្រាប់ជួបជនបង្កមានបក្ខពួកចំនួន៥នាក់ចាំស្ទាក់ផ្លូវហើយធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួលធ្ងន់តែម្តង។
ប្រភពបន្តទៀតថាជនរងគ្រោះមានរបួសត្រូវចំខាងក្រោមក្លៀកខាងឆ្វេងមួយកាំបិតដេរចំនួន១០ថ្នេរនិងត្រូវកំភួនដៃខាងឆ្វេងមួយកាំបិតទៀត។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកអូរជុំបានឃាត់ខ្លួនបានភ្លាមៗមានជនបង្កទី១.ឈ្មោះផ្យើងឈុំ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួនមុខរបរមិនពិតប្រាកដ(ជាជនដៃដល់),ទី២.ឈ្មោះហ្យា ផល្លា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន(ជាអ្នករួមគំនិត),ទី៣.ឈ្មោះកិន បិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួនមុខរបរមិនពិតប្រាកដ(ជាអ្នករួមគំនិត),ទី៤.ឈ្មោះនឹក ស្តាប់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិទំពួនមុខរបរមិនពិតប្រាកដ(ជាអ្នករួមគំនិត)និងទី៥.ឈ្មោះថែល គ្នា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន(ជាអ្នករួមគំនិត)។ជនបង្កទាំង៥នាក់នេះមានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី។
តាមប្រភពពីសមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថាមូលហេតុជនបង្កទាំង៥នាក់ខាងលើនេះដោយមានគំនុំឈ្លោះប្រកែកគ្នាជាយូរមកហើយទើបរហូតមកចាំស្ទាក់កាប់គ្នាតែម្ដង។
ការឃាត់ខ្លួនជនសង្ស័យនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរជុំបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សាមគ្គីចុះចាប់ជនបង្កនៅតាមចម្ការស្វាយចន្ទីរហូតដល់ម៉ោង៩និង៣០នាទីយប់ថ្ងៃដដែលនេះយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូរជុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់