ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដា្ឋននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត១គ្រឿង នៅចំណុចផ្ទះលេខ១២ បុរីប៉េងហួត ផ្លូវលេខ១៥ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០៤នាទី ។

ប្រតិបត្តិការឃាត់ខ្លួនខាងលើ សមត្ថកិច្ចបានធ្វើឡើងនៅពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ផាន់ ឌីណា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានធ្វើលួចរថយន្តម៉ាក FORD RANGER PICK UP ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ លេខតួ៨៥៩៧៤០ លេខម៉ាស៊ីន ២៦៥៤៨៥៥ ពាក់ស្លាកលេខ ភ្នំពេញ 2AV-0100 មានម្ចាស់ជាពាណិជ្ជករជនជាតិកូរ៉េ ស្នាក់កន្លែងកើតហេតុ ។

ក្រោយកើតហេតុរថយន្តខាងលើ កម្លាំងជំនាញបានប្រគល់ជូនម្ចាស់វិញហើយ ចំណែកជនសង្ស័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់