ព័ត៌មានជាតិ

កឺៗបើករថយន្តដឹកស្រីក្មេង២នាក់ លឿនដូចហោះទៅបុកម៉ូតូមួយទំហឹង បណ្ដាលឲ្យយុវជន២នាក់របួស

ភ្នំពេញ: នៅវេលាម៉ោង ១០យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចខាងមុខវិទ្យាល័យឥន្ទ្រទេវី តាមបណ្តោយផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់បើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ូមើអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FX-5590 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡាក់រីវ៉ូរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-2938 ដែលបើកបរដោយបុរសជាជនជាតិចិនម្នាក់ និងនារីវ័យក្មេងជនជាតិចិនពីរនាក់ទៀត រួមដំណើរជាមួយបើកមកពីក្រោយ ក្នុងទិសដៅស្របទិសគ្នា ក្នុងល្បឿយ៉ាងលឿនដូចហោះ។ ខណ:ពេលនោះដោយរថយន្តបង្កបើកលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូខាងលើចំពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូហោះខ្ទៀតទៅលើចិញ្ចើមផ្លូវ រងការខូចខាតផ្នែកខាងក្រោយ ចំណែកឯអ្នកបើកបរម៉ូតូទាំងពីរនាក់បានរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តបង្កបានរងការខូចខាតបែកកាងខាងមុខចំហៀងខាងស្តាំ បន្ទាប់មកមានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ជាបន្តទៀតតាមនីតិវិធី៕

មតិយោបល់