ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក ទីកូ បានបុកជាមួយនិងរថយន្តម៉ាកលុចស៊ីស៤៧០ របស់មន្រ្តីគណៈកម្មការទី៧ព្រឹទ្ធសភា បណ្តាលឲ្យស្លាប់អ្នកបើកបរខាងរថយន្តទីកូភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៦៨-១៦៩ ភូមិកណ្តុរស ឃុំបឹងកន្ទូត ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ដែលបានចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ាត់ តុលលាស់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបររថយន្តទីកូបង្ក ។ ចំណែកអ្នកបើកបររថយន្តម៉ាក លុចស៊ីស ៤៧០ មានឈ្មោះយឹម ឃុនឃឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាសមាជិកព្រឹទ្ធសភា គណកម្មការទី៧ព្រឹទ្ធសភានៅភ្នំពេញ រួមដំណើរជាមួយមនុស្ស ៣នាក់ទៀត ទី១ឈ្មោះ ជា ស៊ីណា ភេទប្រុស អាយុ៣៤ឆ្នាំ។ ទី២ឈ្មោះ ហុង នឿន ភេទប្រុស អាយុ៣២ឆ្នាំ ។ និងទី៣ឈ្មោះ កែវ ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ។ អ្នកទាំង៤នាក់ខាងលើមានទីលំនៅក្នុងរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ រថយន្តម៉ាកទីកូ ពណ៌ខៀវ ពាក់ស្លាកលេខ 2C-3974 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ដោយបានបើកចូលចំណែកផ្លូវម្ខាងទៀតរបស់គេ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែបុកជាមួយនិងរថយន្តម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ មួយគ្រឿងទៀត ពាក់ស្លាកលេខ ព្រឹទ្ធសភា ២-០៤៦ ដែលកំពុងបើកបរដោយសមាជិកព្រឹទ្ធសភា គណកម្មការទី៧ព្រឹទ្ធសភា រួមដំណើរជាមួយមនុស្ស៣នាក់ទៀតក្នុងរថយន្ត បើកបរពីលិចទៅកើតបញ្ច្រាសទិសគ្នា រួចក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តទីកូគៀបជាប់ក្នុងកាប៊ីនរថយន្ត ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះទៅធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយករថយន្តទាំង២គ្រឿង រួមនិងអ្នកបើកបររថយន្តលុចស៊ីស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសាកសពអ្នកបើកបររថយន្តបង្កម៉ាកទីកូ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕







មតិយោបល់