កោះកុងៈ កាលពីវេលាម៉ោងជាង៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមានសត្វផ្សោត១ក្បាលទំងន់ប្រហែលជា២០គីឡូក្រាមត្រូវប្រជាពលរដ្ឋបានប្រទះឃើញងាប់អណ្តែតមកទើលើឆ្នេរសមុទ្រប៉ាក់ខ្លង នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្សោតដែលពួកគាត់បានប្រទះឃើញងាប់នោះ អាចបណ្តាលមកពីជាប់មងនេសាទ ឬខាំគ្នាផងក៏មិនដឹងព្រោះសភាពលើខ្លួនសត្វផ្សោតនោះមានស្នាមរបួសជាច្រើនកន្លែង ។
ពួកគាត់បានអោយដឹងទៀតថា បន្ទាប់ពីឃើញសពសត្វផ្សោតខាងលើពួកគាត់មិនបានរាយការណ៍ជូនសមត្ថកិច្ចនោះទេ ដោយពួកគាត់បានស្រុះស្រួលគ្នាយកទៅកប់ចោល ដោយសារមិនចង់អោយមានក្លិនស្អុយដល់ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅតំបន់រមនីយ៍ដ្ឋានឆ្នេរប៉ាក់ខ្លងនេះ ។
ជាមួយគ្នានេះដែរ ពលរដ្ឋក៏បានស្នើរដល់សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធមេត្តាអភិរក្សសត្វផ្សោតក៏ក្រមនេះផង ព្រោះអនាគតវាអាចជាការរួមចំណែកមួយក្នុងការទាក់ទាញនូវភ្ញៀវទេសចរណ៍អោយមកកំសាន្តនៅតំបន់ខាងលើកាន់តែច្រើនថែមទៀត ។
ទាក់ទិននិងបញ្ហាខាងលើ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានអោយដឹងតាមទូរស័ព្ទថា កន្លងមកពុំមានសត្វផ្សោតសមុទ្រងាប់នោះទេ ហើយនេះជាលើកទី១ហើយសម្រាប់ខេត្តកោះកុង ហើយកន្លងមកខាងមន្ទីរក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ធ្លាប់បានធ្វើការផ្សព្វផ្សាយណែនាំដល់ក្រុមប្រជានេសាទទាំងអស់ ថាបើបានប្រទះឃើញជាប់មង ឬអួន ត្រូវដោះលែងវាអោយមានសេរីភាពឡើងវិញ ព្រោះវាជាប្រភេទសត្វសមុទ្រដ៏កម្រ ។
លោកបានបន្តទៀថា ចំពោះវិធានការអភិរក្សសត្វផ្សោតសមុទ្រខាងមន្ទីរនិងបង្កើនការអប់រំបន្ថែមដល់សារធារណះជន ពិសេសប្រជានេសាទត្រូវតែមានការនេសាទដោយប្រុងប្រយ័ត្នចំពោះដែនជម្រកសត្វផ្សោត ។
សូមបញ្ជាក់ថា កន្លងមកហ្វូងសត្វផ្សោតសមុទ្រនៅតំបន់ឆ្នែរប៉ាក់ខ្លងនេះ ត្រូវបានគេប្រទះឃើញម្តងម្កាលនៅពេលដែលទឹកសមុទ្រមានសភាពស្អប់ ឬពេលដែលពុំសូវមានទូកនេសាទចេញនេសាទ ហើយពួកវាតែងតែធ្វើដំណើរទៅមកពីតំបន់ឆ្នេរប៉ាក់ខ្លង ទៅកាន់តំបន់ព្រៃកោងកាងពាមក្រសោម និង កោះកាពិ ជាដើម ៕
មតិយោបល់