ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋ ព្រលះគ្នាជាមួយរថយន្តដឹកបេតុងលើផ្លូវហាណូយ គៀបជាប់តៃកុងរងរបួសធ្ងន់

ភ្នំពេញ: រថយន្ត២គ្រឿងបើកបរសុទ្ធតែល្បឿនលឿន ព្រលះគ្នា លើផ្លូវហាណូយ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់អ្នកបើកបរ រងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកបេតុង ម៉ាកHOWO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 5A-0932 របស់ក្រុមហ៊ុន BST បើកល្បឿនលឿន ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវវឹង ធ្វើឲ្យរថយន្តដឹកឥដ្ឋ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3812 បើកល្បឿនលឿនពីជើងទៅត្បូង ហ្វ្រាំងមិនជាប់ ជ្រុលទៅបុក រថយន្តដឹកបេតុងពេញទំហឹង បណ្តាលឲ្យរថយន្ត ដឹកឥដ្ឋរួញកាប៊ីនជាប់អ្នកបើកបរ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តដឹកបេតុង គេចខ្លួនបាត់ សល់តែអ្នកបើកបររថយន្តដឹងឥដ្ឋ ជាប់ក្នុងកាប៊ីន ទៅណាមិនរួច ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ច រករថយន្តផ្សេងមកជួយទាញ ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ វាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់