ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងច្បារមនស្រាវជ្រាវ បង្រ្កាបមុខសញ្ញាចោរលួចរថយន្ត Highlender ពីខេត្ដព្រះសីហនុ

កំពង់ស្ពឺ: កម្លាំងនគរបាលក្រុងច្បារមន ចុះស្រាវជ្រាវបង្រ្កាបបានមុខសញ្ញា ករណីចោរលួចរថយន្ត Highlender ពីខេត្ដព្រះសីហនុ កាលពីថៃ្ង៣០ ខែមិថុនា ឆ្នាំ២០១៩ ក្រោយទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រុងច្បារមន បានចេញល្បាតពួនស្ទាក់គ្រប់ទីកន្លែងក្នុងភូមិសាស្រ្ដក្រុង
ជាក់ស្ដែងវេលាម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ មុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ អឿន សំបាន ហៅប៉ង់ អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្នោទី២ សង្កាត់សុពរ័ទេពក្រុងច្បារមនខេត្តកំពង់ស្ពឺ រួមជាមួយរថយន្តម៉ាកHIGHLANDER ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2AT.6823 ដូចរថយន្ដបាត់នៅខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលបានឃាត់ខ្លួន យកមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ។

លោកឧត្តមសេនីយ៍ត្រី សោម បូរ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា ករណីខាងលើ គឺមានការផ្ដល់ព័ត៌មានពីខេត្ដព្រះសីហនុថា បាត់រថយន្ដ Highlender ០១គ្រឿង ទើបកម្លាំងនគរបាលតាមបណ្ដាក្រុងស្រុក បានចេញល្បាតពួនស្ទាក់ ទីបំផុតមុខសញ្ញាលួចរថយន្ដខាងលើ ហើយក៏ឃាត់ខ្លួនបាន ព្រមទាំងដកហូតរថយន្ដត្រឡប់មកវិញ។

រថយន្តម៉ាក HIGHLANDER ពណ៌ខៀវ ឆ្នាំផលិត២០០១ ស្លាកលេខភ្នំពេញ 2AT.6823 ជាកម្មសិទ្ធិឈ្មោះ ហៀង សុខអេង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិបត់គគី ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមការរៀបរាប់ម្ចាស់រថយន្ត មុនកើតហេតុ គឺម្ចាស់បានជិះរថយន្ដទៅទិញគ្រឿងសំណង់ ដោយមិនពន្លត់ម៉ាស៊ីនទេ ពេលនោះជនសង្ស័យឃើញឱកាសល្អ ក៏បានលួចបើកចេញតែម្ដង។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងរថយន្ត Highlender ត្រូវបានប្រគល់ជូនសមត្ថកិច្ច ខេត្ដព្រះសីហនុទទួល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់