ភ្នំពេញ: មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ បានបើករថយន្តឆ្លាមមួយគ្រឿង ក៏រេចង្កូតជ្រុលទៅបុកម៉ូតូ និងម៉ូតូកង់បីឥណ្ឌាចំនួន៥គ្រឿង ដែលចតស្ងៀមរង់ចាំដឹកភ្ញៀវ បណ្តោយឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២ កណ្តាលអធ្រាត្រថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ប្រមាណ១០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ៥៩២ កែងនិងផ្លូវ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្ក ម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-8853 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ មកដល់ចំណុចកើតហេតុ អ្នកបើកបានឈ្ងោករើសទូរស័ព្ទ ដែលធ្លាក់ត្រូវជើង មិនប្រយ័ត្នរថយន្តក៏បានរេចង្កូតទៅខាងស្តាំ ជ្រុលទៅបុកម៉ូតូចំនួន៣គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន២គ្រឿង ដែលកំពុងឈប់ចតស្ងៀមរង់ចាំដឹកអ្នកដំណើរតាមផ្លូវ។
ម៉ូតូរងគ្រោះទាំង៣គ្រឿងខាងលើ៖ ទី១ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1C-1230 ទី២ម៉ាក់ធូដេ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 1CC-4044 និងទី៣ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1N-1653។ ចំណែកឯម៉ូតូកង់បីឥណ្ឌា៖ ទី១ម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1P-5092 និងទី២ម៉ាកបាចា ពណ៌ស គ្មានស្លាកលេខ។
ករណីនេះ ថែមទាំងបណ្ដាលឲ្យបង្គោលស្លាកសញ្ញាចរាចរណ៍ ដែលនៅលើចិញ្ចើមផ្លូវចំនួនមួយបាក់ទ្រេតដល់ដី ហើយរថយន្តបង្កបានរងការខូចខាតក្រពឹត និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងស្តាំ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ខណ:ភ្លាមៗនោះក៏មានដំណាងភាគីខាងរថយន្តបង្ក បានចេញមកព្យាយាមសម្របសម្រួល ដោះស្រាយគ្នាជាមួយភាគីរងគ្រោះ ដោយបានចេញសំណងចំនួន៧០ដុល្លារ ឲ្យទៅភាគីម៉ូតូធូដេ និងចេញសំណងចំនួន៥០ដុល្លារឲ្យទៅភាគីម៉ូតូវីវ៉ា រួមទាំងចេញសំណងចំនួន២០ដុល្លារឲ្យទៅម៉ូតូឌ្រីម ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។
ដោយឡែកការសម្របសម្រួល រវាងភាគីម៉ូតូកង់បីឥណ្ឌាទាំង២គ្រឿង មិនត្រូវគ្នាទើបភាគីទាំងសងខាងសម្រេច ប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងស្ទូចរថយន្តបង្ក និងម៉ូតូកង់បីឥណ្ឌាទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕
មតិយោបល់